Loading...

Breaking News: រកឃើញមូលហេតុពិតដោយឈានដល់ការ វាយបំផ្លាញផ្ទះ៣ខ្នង នៅតាមផ្លូវលេខ២១A (មានវីដេអូ)

Loading...
(កណ្ដាល)៖ ព្រឹត្តិការណ៍ចុះអនុវត្តសាលដីការបស់តុលាការកំពូល តាំងពីចុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ពីសំណាក់អាជ្ញាសាលានៃអយ្យការអម សាលាដំបូងខេត្តកណ្ដាល ដឹកនាំកម្លាំងសមត្ថកិច្ច​ជិត១០០នាក់ ចុះទៅរឹបអូសយកដីធ្លី និងវាយកម្ទេចលំនៅដ្ឋាន៣ខ្នង សង់នៅតាមផ្លូវជាតិលេខ២១A តាំងពីឆ្នាំ១៩៨៧ ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល តាំងពីព្រលឹមរហូតដល់កណ្ដាលថ្ងៃត្រង់ទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានក្លាយជាប្រធានបទដ៏ក្ដៅមួយ ត្រូវបានចែករំលែកនៅតាមបណ្ដាញសង្គម Facebook យ៉ាងព្រោងព្រាត។


ការចាប់អារម្មណ៍ និងមានការចែករំលែកព័ត៌មាននេះតៗគ្នា និងមានការបញ្ចេញប្រតិកម្មរៀងៗខ្លួននោះ ដោយសារតែពេលចុះអនុវត្តសាលដីការបស់តុលាការកំពូល មានការប្រឈមគ្នាយ៉ាងខ្លាំង និងមានអំពើហិង្សាកើតឡើងទៀតផង រវាងម្ចាស់ផ្ទះទាំង៣ មានសមាជិកជាង១០នាក់ ទាំងក្មេងទាំងចាស់ ជាមួយកងកម្លាំងសមត្ថកិច្ច ពោលម្ចាស់ផ្ទះទាំងនោះ នៅក្រាញននែលស្រែកទាមទារ មិនឲ្យអនុវត្តរុះរើគឺសុខចិត្តស្លាប់ នៅលើដីរបស់ខ្លួន និងបានពាក់អាវកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងស្លាកគណបក្សប្រជាជនកម្ពុជា ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំដើម្បីឲ្យពួកគាត់បានលំនៅដ្ឋាននៅវិញ។


តាមទិដ្ឋភាពជាក់ស្ដែង សមាជិកក្រុមគ្រួសារទាំង៣ផ្ទះ បានស្រែកទ្រហោយំយ៉ាងខ្លាំងរហូតយកសាំងចង់ដុតសម្លាប់ខ្លួន ព្រមទាំងឡើងជិះនៅលើអេស្កាវ៉ាទ័រ ដើម្បីទប់ស្កាត់ការបំផ្លាញផ្ទះរបស់ខ្លួន ប៉ុន្ដែសមត្ថកិច្ចដែលដឹកនាំដោយ លោក ហេង ណារ៉ា មន្ដ្រីអាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបន្ដអនុវត្តរហូតបានសម្រេចជាស្ថាពរ នៅជិតវេលាថ្ងៃត្រង់ ក្នុងនោះផ្ទះទាំង៣ខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ២ខ្នង ត្រូវបានវាយរាបដល់ដី។

តាមដំណើររឿងក្ដីក្ដាំងដែលបានតតាំងគ្នាពីសាលាដំបូងនៅអំឡុងឆ្នាំ២០០៤ រហូតដល់តុលាការកំពូល នៅពេលនេះមានការលើកឡើងផ្សេងៗពីគ្នា។


សម្រាប់ដើមបណ្ដឹងដែលមានឈ្មោះ ម៉ី លក្ខណា ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅផ្ទះលេខ១៨C ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បានអះអាងថា ដីដែលពលរដ្ឋទាំង៣គ្រួសារ ធ្វើផ្ទះនៅពីលើនេះ គឺជាដីរបស់ខ្លួនដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ ប៉ុន្ដែពលរដ្ឋទាំង៣គ្រួសារនេះត្រូវបានអ្នកស្រីឲ្យស្នាក់នៅ ដើម្បីប៉ះកង់ ក៏ដូចជាចាំដីឲ្យខ្លួន ប៉ុន្ដែយូរៗទៅមិនព្រមចេញថែមទាំងសាងសង់រោងនៅលើដីនេះថែមទៀត រហូតខ្លួនដាក់ពាក្យបណ្ដឹងទៅតុលាការតែម្ដង។


ដោយឡែកការប្ដឹងផ្ដល់តាំងពីតុលាការដំបូង រហូតដល់តុលាការកំពូល គឺអ្នកស្រី បានយល់ព្រមផ្ដល់ទៅឲ្យគ្រួសារទាំង៣នេះពី ១០០០ដុល្លារ ទៅ២០០០ដុល្លារ ប៉ុន្ដែពួកគេមិនព្រមទទួលយក នឹងបន្ដកាន់កាប់ដដែល។ សម្រាប់ក្រុមគ្រួសារទាំង៣នាក់ ទី១៖ឈ្មោះ ប៉ុន ថន, ទី២៖ឈ្មោះ អ៊ុង អ៊ឹម និងទី៣៖ឈ្មោះ សែ គឹមអូន បានអះអាងថា ដីនេះខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៨៧ ដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិ-ឃុំទៀតផង។


ក្រុមគ្រួសារទាំង៣ បានទទូចសុំស្វែងរកអន្ដរាគមន៍ពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធដើម្បីឲ្យពួកគេមានទីតាំងស្នាក់នៅ​សមរម្យក្រោយផ្ទះទាំង៣ខ្នងត្រូវបាន វាយបំផ្លាញចោល។ នៅរសៀលថ្ងៃដដែលនេះ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំង៣គ្រួសារលទ្ធផលបាន សម្រេចដូចខាងក្រោម៖ ទី១៖ ឲ្យគ្រួសារទាំងបីទៅស្នាក់នៅស្នាក់ការជលផល ក្នុងភូមិទួលក្រសាំង ដោយរង់ចាំដំណោះស្រាយ។ ទី២៖ ឈ្មោះ សែ គឹមអូន ឈ្មោះ អ៊ុង អ៊ីម ប្រគល់ឲ្យអភិបាល ស្រុកស្អាង ដោះស្រាយរកទីតាំង និងទី៣-ឈ្មោះ ប៉ុនថន ប្រគល់ឲ្យសុរិយោដីខេត្តកណ្ដាលពិនិត្យឡើងវិញ អំពីប្លង់ដីរបស់ឈ្មោះ លីម ម៉ាច ប្រក្រតីឬទេ ដើម្បីដោះស្រាយបន្ត។ បន្ទាប់មកអ្នកទាំង៣គ្រួសារ បានយល់ព្រមទៅស្នាក់នៅស្នាក់ការជលផលសិន ដើម្បីរង់ចាំដំណោះស្រាយ។


សម្រាប់តាមគោលការណ៍បន្តទៀត លោកអភិបាលខេត្ត នឹងអាចរកដីឲ្យ៣គ្រួសារនេះបានធ្វើជំរកបន្តការរស់នៅកន្លែងផ្សេងវិញ។

ចំពោះព្រឹត្តិការណ៍នៃការចុះអនុវត្តលើកនេះ ក៏ទទួលការរិះគន់យ៉ាងខ្លាំងផងដែរ ពីមជ្ឈមដ្ឋានជាច្រើនក្នុងនោះ មានការរិះគន់ចំពោះមន្ដ្រីអាជ្ញាសាលា ដែលចង់ប្រើអំពើហិង្សាទៅលើម្ចាស់ផ្ទះ ហើយក្រុមកម្មកររបស់ម្ចាស់ដី និងម្ចាស់ដីផ្ទាល់ហាក់ដូចជាមានសិទ្ធិអំណាច បញ្ជាទៅលើស្ថាប័នតុលាការព្រមទាំង ចូលទៅវាយបំផ្លាញផ្ទះទាំង៣ខ្នងនេះ។ យ៉ាងណាក៏ដោយ បើទោះបីការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់ អាយុជីវិតរបស់ពលរដ្ឋណាម្នាក់នោះទេ។

នៅល្ងាចថ្ងៃដដែលនេះ អយ្យការអមសាលាដំបូងខេត្តកណ្ដាល ក៏បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងសំណុំរឿងមួយនេះ ជូនដល់សាធារណៈជនឲ្យបាន ជ្រាបជៀសវាង មានការបកស្រាយខុសទៅលើទិដ្ឋភាពច្បាប់៕










ប្រភព៖ Fresh News