Loading...

Wow! ផ្សារ​ទំនើប​ធំៗ​ចំនួន​៦​នឹង​បើក​ដំនើរការ​នៅ​ឆ្នាំ​២០១៨

Loading...
(​ភ្នំពេញ​)៖ ចំនួន​ផ្សារ​ទំនើប​នៅ​ក្រុងភ្នំពេញ មិន​បន្ថយល្បឿន​នោះទេ ជាក់ស្តែង​ផ្សារ​ទំនើប​ធំៗ​ចំនួន​៦​ទៀត​នឹង​បើក​ដំនើរការ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ខណៈ​កំលាំង​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មានការ​កើនឡើង​ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​បាន​ជំរុញ ឲ្យ​អ្នកវិនិយោគ​គិតគូរ​លើ​កត្តា​មួយចំនួន​។​

​ ​
​ផ្សារ​ទំនើប​ធំៗ​ទាំង​៦​នោះ រួមមាន ផ្សារ​ទំនើប​AEON Mall2, Parkson Mall ,Olypia Plaza និង​ផ្សារ​ទំនើប​ក្នុង​គំរោង​The Brdige ផ្សារ​ទំនើប​MAKRO​ជា​ផ្សារ​លក់ទំនិញ​បោះ​ដុំ​របស់​ប្រទេស​ថៃ និង​ផ្សារ​ទំនើប​ក្រោម​ដី​ដែលជា​គំរោង​វិនិយោគ​របស់​​ក្រុមហ៊ុន​វឌ្ឍនៈ​គ្រុប​។​

​អ្នកនាង​អាន សុ​ធីតា​នាយិការ​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ CBRE Cambodia​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​៥ សីហា​នេះ​ថា ជាមួយនឹង​ការចូល​មកដល់​នូវ​ផ្សារ​ទំនើប​ថ្មីៗ​និង​ផ្សារ​ទំនើប​ជាច្រើន​ទៀត​កំពុង​ត្រៀម​បើក​​ដំនើរការ​នៅ​ឆ្នាំ​២០១៨​ខាងមុខ អ្នកនាង​គិតថា​អ្នកវិនិយោគ​បាន​សិក្សា​ច្បាស់លាស់​ហើយពី​ស្ថានភាព​ទីផ្សារ​និង​កំលាំង​នៃ​ការទិញ​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រួចហើយ មុន​ធ្វើការ​វិនិយោគ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកវិនិយោគ​គួរ​សិក្សា​ពី​កត្តា​មួយ​ចំនូ​ន​ទៀត​ដូចជា កំលាំង​នៃ​ការទិញ ការរៀបចំ និង​រចនា​កន្លែង​លក់​ឲ្យ​មាន​ភាព​ទាក់ទាញ និង​តម្រូវការ​នៅក្នុង​ទីផ្សារ​នេះ​។​

​ ​
​អ្នកនាង​បន្តថា “​កំលាំង​ទិញ​នៅ​កម្ពុជា​កើនឡើង ប៉ុន្តែ​ភាគច្រើន​ប្រជាពលរដ្ឋ​ផ្តោតលើ​ការកំសាន្ត ​និង​ការ​ញុំាច្រើនជាង​នៅតាម​​បណ្តា​ផ្សារ​ទំនើប​នានា​”​។ អ្នកនាង​បន្ថែមថា “​ការមកដល់​នូវ​ផ្សារ​ទំនើប​ថ្មីៗ មិនមាន​បញ្ហា​នៅក្នុង​ទីផ្សារ​នោះទេ​យើង​ស្វាគមន៍​​ការវិនិយោគ​នានា ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រ ជា​ពលរដ្ឋ​កម្ពុជា​”​។​
​ ​
​ទំហំ​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ ធៀប​នឹង​មនុស្សម្នា​ក់មាន​ប្រមាណ​០,១​ម៉ែត្រការ៉េ​ខណៈ​ប្រទេស​ថៃ​ទំហំ​ផ្សារ​ទំនើប​ធៀប​នឹង​មនុស្ស​ម្នា​ក់មាន​០,៤​ម៉ែត្រការ៉េ​។​

​ ​
​ទាក់ទង​នឹង​ទំហំ​ផ្សារ ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា អ្នកនាង​អាន សុធី​តា​បាន​ពន្យល់ថា​ទំហំ​ផ្សារ​ទំនើប​ធៀប​នឹង​មនុស្សម្នា​ក់នៅ​​ក្រុងភ្នំពេញ មានការ​កើនឡើង តែ​ទាប​ជាង​ប្រទេស​ថៃ ប៉ុន្តែ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ពឹងផ្អែក​លើ​ប្រជាជន​ក្នុងស្រុក​ច្រើនជាង​ខុសពី​ប្រ​​ទេស​ថៃ​ដែល​ផ្សារ​ទំនើប​មិន​ត្រឹមតែ​ពឹងផ្អែក​ប្រជាជន​ក្នុងស្រុក​នោះទេ ប៉ុន្តែ​ប្រទេស​ថៃ​មាន​កំលាំង​ទិញ​ខ្លាំង​និង​មានការ​រួមចំណែក​​ពី​ភ្ញៀវ​ទេសចរណ៍​ច្រើន​ផងដែរ​។​

​ ​
​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​Royal Group​របស់​អ្នកឧកញ៉ា​គិត ម៉េង និង​ក្រុមហ៊ុន​E Mart​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា ដើម្បី​វិនិយោគ​សាងសង់​ផ្សារ​ទំនើប​ធំ​មួយទៀត​ដែល​គ្រោង​បោះទុន​វិនិយោគ​រហូតដល់​១២០​លាន​ដុល្លារ​​អាមេរិក​។ ជាមួយគ្នានេះ អ្នកវិនិយោគ​មកពី​ប្រទេស​ម៉ាឡេស៊ី ក្នុងជំនួប​ជាមួយ​លោក​អូស្មាន់ ហាស្សាន់​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​គំរោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សម្រាប់​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ដែលមាន​ទំហំ​ទឹកប្រាក់​២៥០​លាន​ដុល្លារ​ផងដែរ​៕​

ប្រភព៖ រស្មីកម្ពុជា