Loading...

Breaking News: គម្រោង​សង់ស្ពាន ទៅ​អរិយក្សត្រ និងពី​ជ្រោយចង្វារ ទៅ​ស្វាយជ្រុំ នឹង​មាន​ការ​ប្រែប្រួល

Loading...
ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា​គម្រោង​សាងសង់​ស្ពាន​របស់​រដ្ឋា​ភិ​បាល​ទៅកាន់​តំបន់​​អរិយ​ក្សត្រ និង​តំបន់​ស្វាយជ្រុំ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។​
​ ​
​លោក​វ៉ា ស៊ីម​សូរិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១២ សីហា​កន្លងមក​ថា ការសាងសង់​ស្ពាន​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ​១ ពី​តំបន់​ក្តី​តា​កុយ ទៅកាន់​តំបន់​អា​រិ​យក្ស​ត្រ​និង​ពី​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​ស្វាយជ្រុំ​នឹង​​មានការ​ប្រែប្រួល ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​ភាព​លំអិត​នោះទេ​។​


​លោក​បន្តថា “​ខ្ញុំ​មិនទាន់មាន​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ ព្រោះ​រហូតមកទល់​ពេលនេះ​មិនទាន់មាន​ព័ត៌មាន​វិវត្តន៍​ថ្មី​នៅឡើយ​ទេ​”​។​
​ ​
​លោក​នូ វឌ្ឍនៈ​ ​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពី​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​នេះ ប៉ុន្តែ​ការកំណត់​សាងសង់​ជា​ផ្លូវការ​នៅពេលណា មិនទាន់​កំណត់​ជាក់លាក់​នោះទេ ហើយ​វា​ជា​គំរោង​នាពេល​អនាគត ដែល​ត្រូវតែ​សាងសង់​។​លោក​បន្តថា គំរោង​នេះ​មិនទាន់​ស្ថិតនៅក្នុង​ផែនការ​ជាក់លាក់​ឬ​ដាក់ចូល​ផែនការ​របស់​ក្រសួង​ថា​នឹង​សាងសង់​​នៅពេលណា​នោះទេ ព្រោះ​យើង​រង់ចាំ​ជំនួយ​របស់​ប្រទេស​ចិន​។

​ ​
​សូម​រំលឹកថា​ ​ក្នុងឱកាស​អញ្ជើញ​សម្ភោ​ធ​បើក​ឲ្យ​ប្រើប្រាស់ មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​គេ​ហៅ​រត់មាត់​ថា ផ្លូវ​៦០​ម៉ែត្រ​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា ដើម្បី​ឲ្យ​ការសាងសង់​និង​ភ្ជាប់​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ពេញលេញ​កម្ពុជា​ចាំបាច់​ត្រូវ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​​តំបន់​ក្តី​តា​កុយ ភ្ជាប់​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​ផ្លូវ​កែវ ចិន្តា នា​តំបន់​ជ្រោយចង្វារ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយជ្រុំ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ ​
​ការប្រកាស​ពី​ការសាងសង់​ស្ពាន​ទៅកាន់​តំបន់​នោះ បានធ្វើ​ឲ្យ​តំលៃ​ដី​នៅ​តំបន់​ទាំង​នោះបាន​កញ្ជ្រោល​ឡើង​យ៉ាងខ្លាំង​ហើយ​អ្នក​វិ​និ​យោគ​ក្នុងស្រុក​មួយចំនួន​បាន​សាងសង់​បុរី​មួយចំនួន​នៅ​តំបន់​នោះ​រួចមកហើយ​។​

​ ​
​អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា កាលណា​ប្រកាស​សាងសង់​ស្ពាន​នឹងធ្វើ​ឲ្យ​ដី​តំបន់​​នោះ​ឡើងថ្លៃ និង​បាន​ឡើងថ្លៃ​ខ្ពស់​រួចទៅហើយ ប៉ុន្តែ​ការពន្យារពេល​សាងសង់​ស្ពាន​នេះ​ក៏​ធ្វើ​ឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​នោះ​ស្ងប់ស្ងាត់​​មួយរយៈ​ផងដែរ​។ លោក​បន្តថា តំលៃ​ដីធ្លី​នៅតាម​ផ្លូវ​កៅស៊ូ ខាងមុខ​ជាប់មាត់​ទន្លេ នៅ​តំបន់​អរិយ​ក្សត្រ​និង​បណ្តា​ឃុំ​នៅជាប់​គ្នា​នោះ​​មាន​តំលៃ​ចន្លោះ​ពី​២៥០​ទៅ​៣៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ដី​នៅតាម​ផ្លូវ​ក្នុងភូមិ​មាន​តំលៃ​ចន្លោះ​ពី​៧០​ទៅ​១០០​ដុល្លារ​និង​ដី​​ឆ្ងាយៗ​ពី​ភូមិ​អាចមាន​តំលៃ​ចន្លោះ​ពី​២០​ទៅ​៣០​ដុល្លារ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង​”៕​