Loading...

ជីវិតពិតកុមារាពេជ្រ ថៃ កម្សត់ ដែលគ្រប់គ្នាចង់ដឹង ពេលនេះត្រូវបានគេលាតត្រដាងចេញហើយ

Loading...
ខេត្តបាត់ដំបង ៖ តារាវ័យក្មេងពេជ្រ ថៃ គឺជាបេក្ខភាពក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” ដ៏លេចធ្លោមួយរូប ដែលបាននិងកំពុងអង្រួនពិភពសិល្បៈ តាមរយៈទឹកដមសំឡេងក្រអួនក្រអៅ កាយវិការ ក្រមិចក្រមើម និងភាពក្លាហាន ព្រមទាំងប្រវត្តិតស៊ូក្នុងជីវិតដ៏កម្សត់កម្រ ដោយកុមាររូបនេះ អាចរស់រានមានជីវិតរហូតមកដល់ថ្ងៃនេះ ក៏ដោយសារគុណដោះស្វិតរបស់ជីដូនរបស់ខ្លួនដែរ។


តាមរយៈចម្រៀងមួយបទ គឺបទ “បាត់ដំបងបណ្តូលចិត្ត” ដែលជាបទចម្រៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កុមារពេជ្រ ថៃ បានបញ្ចោញនូវទេពកោសល្យទាំង ការច្រៀង អមដោយកាយវិការយ៉ាងរស់រវើក ធ្វើឱ្យអ្នកស្តាប់ដកកចំហមាត់ស្តាប់ និងសរសើរមិនដាច់ពីមាត់ ហើយបន្ទាប់មក ក៏ចង់ដឹងពីឆាកជីវិតពិតរបស់កុមារពេជ្រ ថៃ ប៉ុន្តែត្រូវអ្នកគ្រប់គ្រងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ ពិភពលោកមួយនេះ បានសុំអភ័យទោស ដោយមិនអនុញ្ញាតឱ្យកុមារ ពេជ្រ ថៃ ផ្តល់បទសម្ភាសន៍បានឡើយ។


ទោះយ៉ាងណា អ្នកយកព័ត៌មានយើងព្យាយាមតាមស៊ើបសួររហូតដល់ស្រុកកំណើត ដោយបានជួបជីដូនបង្កើត រៀបរាប់ពីខ្សែជីវិតពិតដ៏កម្សត់របស់កុមារពេជ្រ ថៃ។

លោកយាយហូ ហុម អាយុ៧៧ឆ្នាំ រស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងប្ញស្សី ជាជីដូនបង្កើតរបស់កុមារពេជ្រ ថៃ បានទទួលស្វាគមន៍អ្នកយកព័ត៌មានយើងយ៉ាងរាក់ទាក់ និងរៀបរាប់ថា គាត់មានស្វាមីឈ្មោះសាំ អាយុស្របាលគ្នា ដោយបង្កើតបានកូនស្រី២នាក់ ប៉ុន្តែជាអកុសល ស្វាមីជាទីស្រលាញ់នោះ ត្រូវកងឈ្លបប៉ុល ពត ចាប់យកទៅសម្លាប់ តាំងពីឆ្នាំ១៩៧៧ ទុកឱ្យគាត់នៅមេម៉ាយជាមួយកូនស្រីទាំងពីរ ខណៈដែលកូនស្រីពៅនៅបៅដោះ។ ក្រោយឆ្លងផុតរបបប៉ុល ពត គាត់មិនយកប្តីទៀតទេ ដោយព្យាយាមរកស៊ីចិញ្ចឹមកូនស្រី រហូតពេញក្រមុំ ក៏លើកឱ្យមានគូស្រកររៀងខ្លួន។


ដោយឡែក កូនស្រីទី២ មានប្តីទុរគត តែងនាំគ្នាប្រកបរបរស៊ីឈ្នួលជួលព័ទ្ធគេ ជួនកាលត្រូវឆ្លងដែនទៅរកស៊ីដល់ស្រុកថៃឯណោះ។ កូនស្រីទី២នេះ បង្កើតបានចៅ២នាក់ ឱ្យគាត់ឃ្វាល គឺចៅស្រីច្បងឈ្មោះពេជ្រ ស៊ីណា (មានប្តីហើយ) និងចៅប្រុសប្អូនឈ្មោះពេជ្រ ថៃ អាយុ១២ឆ្នាំ ដែលមានទឹកដមសំឡេងក្រអួនក្រអៅនេះឯង។

លោកយាយហូ ហុម បន្តថា មូលហេតុដែលចៅប្រុសនេះមានឈ្មោះពេជ្រ ថៃ ព្រោះឪពុកគេ (កូនប្រសាគាត់) ឈ្មោះពេជ្រ បាន នាំប្រពន្ធទៅរកស៊ីនៅប្រទេសថៃ។ លុះប្រពន្ធមានផ្ទៃពោះគ្រប់ខែ វិលមកស្រុកវិញ បានតែ៣ថ្ងៃ ក៏ប្រសូតបានចៅប្រុសនេះ ទើបគ្រប់គ្នាសម្រេចដាក់ឈ្មោះឱ្យទារកនេះថា “ពេជ្រ ថៃ” យ៉ាងនេះទៅ។ បើនិយាយពីពូជពង្សនោះ ឪពុកម្តាយចៅប្រុស គ្មានជាប់ពូជសិល្បៈអ្វីទេ ប៉ុន្តែ ចៅប្រុសនេះមាននិស្ស័យសិល្បៈពីធម្មជាតិតែម្តង។ តាមពិត តាំងពីពេជ្រ ថៃ កើតបានជាង១០ថ្ងៃ កូនស្រីនិងកូនប្រសាបាននាំគ្នាចេញទៅរកស៊ីនៅប្រទេសថៃ ដោយផ្ញើចៅឱ្យគាត់បំបៅទឹកដោះគោ។


ជារៀងរាល់យប់ ចៅប្រុសកម្សត់តែងទាញដោះដ៏ស្វិតរបស់ជីដូនបៅជំនួសដោះម្តាយ លុះមិនចេញទឹកដោះ ក៏បានត្រឹមទាញអង្អែលលេងតែប៉ុណ្ណោះ។ ឪពុកម្តាយរបស់គេ យូរៗបានមកលេងស្រុកម្តង ធ្វើឱ្យកូនប្រុសចំណាំមុខម៉ែឪមិនបាន ព្រោះជួនកាលគេមកលេងបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំ តែ៣ថ្ងៃ ក៏វិលទៅថៃ វិញ ធ្វើឱ្យចៅនេះមិនតាមឪពុកម្តាយ តែគេតាមជីដូនដាក់ពីចង្កេះមិនបាន។ លុះអាយុ៦ឆ្នាំ គាត់បានបញ្ជូនចៅឱ្យទៅរៀនសូត្រ មិនទុកឱ្យនៅល្ងង់ខ្លៅនោះទេ ហើយចៅនេះហៅ គាត់ថា “ម៉ែចាស់” តាំងពីចេះនិយាយម៉្លេះ។ តាំងពីចៅ ពេជ្រ ថៃ មានអាយុ៩ឆ្នាំ ក៏បាត់ដំណឹងឪពុកម្តាយគេសូន្យឈឹង ឃើញតែមុខជីដូន ឬម៉ែចាស់រាល់ថ្ងៃ ជាហេតុនាំឱ្យគេកើតអារម្មណ៍ស្រងេះស្រងោចអណ្តែតអណ្តូង ចូលចិត្តអង្គុយនៅកន្លែងស្ងាត់ និងច្រៀងបទចម្រៀងពីរោះលន្លង់លន្លោច ធ្វើត្រាប់តាមលោកតាស៊ីន ស៊ីសាមុត ដែលគេធ្លាប់ឃើញក្នុងកាសែតវីដេអូ។


លោកយាយហូ ហុម បន្តទៀតថា គាត់ឃើញចៅប្រុសដុះនិស្ស័យខាងចម្រៀងបែបនេះ ក៏ជួយជំរុញឱ្យគេខំថែមទៀត ជួនកាលតម្រូវឱ្យចៅប្រុសច្រៀងឱ្យគាត់ស្តាប់ទៀតផង។ គេមានសំឡេងដូចរៃកណ្តឹង ពីរោះគ្រលួច ជួនកាលក៏មានញាតិជិតខាងហៅច្រៀងឱ្យស្តាប់ និងឱ្យជាលុយកាក់ខ្លះផងដែរ។

ចរិតរបស់ចៅប្រុសនេះ មានភាពក្លាហានណាស់ ក្នុងការរស់នៅ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាង ដោយមានសុជីវធម៌ ចេះរៀបប្ញកពាសមរម្យ គោរពស្គាល់ចាស់ទុំ ធ្វើឱ្យអ្នកស្រុកក្មេងចាស់អាណិតស្រឡាញ់គ្រប់គ្នា។ លុះមានការប្រកាសរកបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធីទូរទស្សន៍ហង្សមាស និងដោយមានការជំរុញពីព្រះសង្ឃ និងញាតិមិត្តជិតខាង ដែលធ្លាប់ដឹងពីទេពកោសល្យរបស់ចៅប្រុស ទើបគាត់ជួយបង្កលក្ខណៈងាយស្រួលឱ្យចៅនេះ បានទៅប្រលង រហូតទទួលបានជោគជ័យមិននឹកស្មានដល់។

លោកយាយបញ្ជាក់ថា ចៅប្រុសពេជ្រ ថៃ ជាក្មេងល្អណាស់ ចេះជួយធ្វើការងារផ្ទះគ្រប់បែបយ៉ាង ហើយមានភាពកតញ្ញូណាស់ តែងរំលឹកគុណលោកយាយ ដែលបានចិញ្ចឹមបីបាច់រូបគេតាំងពីតូច ពិសេស គុណដោះស្វិតរបស់លោកយាយ ដែលចៅប្រុសនេះតែងហៅគាត់ថា “ម៉ែចាស់”។

ព្រះតេជគុណ ប៊ុត សុភក្ត្រ័ គង់នៅវត្តមួយ នាខេត្តបាត់ដំបង ដែលបាននិមន្តយកប្រាក់មកជួយឧបត្ថម្ភដល់កុមារពេជ្រ ថៃ បានមានថេរដីកាថា ក្រោយពីព្រះអង្គទតឃើញពីទេពកោសល្យរបស់កុមារនេះ តាមកញ្ចក់ទូរទស្សន៍ និងបានដឹងពីឆាកជីវិតដ៏កម្សត់របស់គេ ធ្វើឱ្យព្រះអង្គមានព្រះទ័យអាណិតអាសូរ ក៏យកបច្ច័យខ្លះមកឧបត្ថម្ភ។ ព្រះអង្គជឿថា កុមារនេះគឺជាពេជ្រមិនទាន់ច្នៃ នឹងក្លាយជាតារាចម្រៀងល្បីទៅអនាគតមិនខាន ឬថាជាលោកស៊ីន ស៊ីសាមុត ចាប់ជាតិក៏បានដែរ។ សូម្បីអាណិកជននៅអាមេរិក ក៏មានការចាប់អារម្មណ៍ដែរ ទើបមានអ្នកផ្ញើប្រាក់ តាមរយៈព្រះអង្គយកមកប្រគល់ឱ្យក្មេងប្រុស។ សប្បុរសជនទាំងនោះមានលោកគ្រឹស ស្តូន និងអ្នកស្រីថល់ បានផ្ញើប្រាក់ចំនួន១០០ដុល្លារ មកលើកទឹកចិត្តដល់កុមារនេះ ឱ្យក្លាយជាទំពាំងស្នងប្ញស្សីទៅអនាគត។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធី “The Voice Kids Cambodia” ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស កាលពីពេលថ្មីៗនេះ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងចំពោះកុមារពេជ្រ ថៃ អាយុ១២ឆ្នាំ ដែលបានក្លាយជាកូនក្រុមរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដោយសារតែកុមាររូបនេះ ក្រោពីមានសំនៀងពីរោះ កាយវិការរស់រវើក គេមានភាពក្លាហាន និងរួសរាយគួរឱ្យសរសើរ ហើយជឿថា កុមារពេជ្រ ថៃ អាចនឹងឈានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រក្លាយជាជ័យលាភីលើកពាន “The voice kids cambodia” ទៀតផង៕

ប្រភព៖ អង្គរធំ