Loading...

ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសទុកពេល៦ថ្ងៃ ឱ្យឡាវដកទ័ពឈ្លានពានចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ

Loading...
ភ្នំពេញ)៖ ភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឈានដល់ទីបញ្ចប់ហើយ ហើយសម្តេចប្រកាសទុកពេលឲ្យនាយករដ្ឋមន្រ្តីឡាវ ៦ថ្ងៃទៀត ត្រូវដកកងទ័ពចេញឲ្យអស់ពីដែនដីកម្ពុជា។ ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីសំបុត្ររបស់សម្តេចដាក់ទៅ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបវិញ។ សូមស្តាប់អនុសាសន៍ពិស្តារក្នុងវីដេអូខាងក្រោមនេះ៖


អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឈមមុខតទល់ជាមួយភាគីឡាវ ដោយរង់ចាំបទបញ្ជាពីថ្នាក់កំពូលតែប៉ុណ្ណោះ។

ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទចំនួន៦ថ្ងៃ ពោលគឺត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ប៉ុណ្ណោះ ដើម្បីឱ្យកងទ័ពឡាវ ដកខ្លួនចេញពីចំណុចព្រំដែន លើដឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដែលកងទ័ពទាំងនោះ បានមករារាំង ដល់ការធ្វើផ្លូវក្រវ៉ាត់ព្រំដែនរបស់កម្ពុជា។


នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារទឹកដីកម្ពុជា មិនឱ្យបាត់បង់។ កងយោធពលខេមរភូមិន្ទ សូមរកក្សាសិទ្ធិការពារនូវបូរណភាពទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវការរំលោភពបំពានណាមួយមកលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ ធ្លាប់បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរនៅតំបន់នោះ។ ទោះជាយ៉ាងនេះក្តី ក៏ភាគីកងទ័ពឡាវ នៅមិនទាន់ដកទ័ពចេញពីព្រំដែនក្នុងទឹកដីកម្ពុជានៅឡើយទេ។

ក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទ័ពរបស់ភាគីឡាវ ចូលខេត្តស្ទឹងត្រែងប្រទេសកម្ពុជានេះ មិនអាចឱ្យកម្ពុជាអត់ធ្មត់បានឡើយ ដោយសារតែឡាវ ពុំទាន់ឆ្លើយតបនឹងកំណត់ទូតរបស់កម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញមានការចល័តទ័ពព្រោះទ័ពទាំងនោះ ត្រូវចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានចេញពីដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភាគីឡាវថា មិត្តភក្តិជារឿងមិត្តភក្តិ តែមិនអាចឲ្យមិត្តភក្តិមកជាន់ក្បាលខ្មែរនោះទេ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនចង់ប្រកាសសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភ ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាម៕