Loading...

គួរឲ្យអាណិតខ្លោចចិត្ត! បង្ខាំងស្ត្រី​ម្នាក់អស់រយះពេលជាង២០ឆ្នាំ ពីសំណាក់ក្រុមគ្រួសារ តាំងពីរូបស្អាតប្រែក្លាយជាស្គមស្គាំង

Loading...
រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ផ្សាយ​របស់​កោះសន្តិភាព ទាក់ទិន​នឹង​ការ​បង្ខាំង​ស្ត្រី​ម្នាក់​អស់​រយៈ​ជាង​១០​ឆ្នាំ ដែល​ខ្លះ​ថា​ជិត​២០​ឆ្នាំ​ឱ្យ​នៅ​តែ​ក្នុងផ្ទះ​ជាន់​ទី​១ ដោយ​ក្រុម​សាច់ញាតិ​របស់​ខ្លួន​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ សីហា ក៏​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ដោយសារតែ​ការ​បង្ខាំង​បែប​នេះ គឺជា​ការ​ធ្វើ​ទារុណកម្ម​មួយ​ផង​ដែរ និង​វា​លំបាក​ដល់​រូប​កាយ​ និង​ផ្លូវចិត្ត​ដែល​មិន​អាច​ទទួល​យក​បាន ។


តាម​ការ​កត់សម្គាល់​នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ការ​ភ្ញាក់ផ្អើល​ដំបូង​បានដឹង​ដល់​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ចៅសង្កាត់​ផ្សារ​ថ្មី​ទី​៣ រួម​ទាំង​សាច់ញាតិ​របស់​ស្ត្រី​ដែល​បាន​បង្ខាំង​នេះ នាំ​គ្នា​ស្ទុះស្ទារ​មក​ចោមរោម​មើល និង​ចាក់សោ​បើកទ្វារ ធ្វើ​ហាក់បីដូចជា​មិន​មានរឿង​អី្វ​ចម្លែក ។ ពេល​នោះ​ស្ត្រី​កូនកាត់​ចិន​ខាងលើ ក៏​បាន​សុំ​អន្តរាគមន៍​ពី​សំណាក់​កម្លាំង​អាជ្ញាធរ ធ្វើ​យ៉ាងណា​ឱ្យ​គាត់​បាន​ចេញ​ក្រៅ​ផ្ទះ និង​មាន​សេរីភាព​ឡើង​វិញ​ដូច​គេឯង​ផង ។

ស្ត្រី​រង​គ្រោះ​ទំនង​មាន​អាយុ​៤០​ផ្លា​យ​ឆ្នាំ បាន​រៀបរាប់​ថា រូប​គាត់​មានឈ្មោះម៉ា ង៉ោ អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​បងប្អូន​ចាក់សោ​ទ្វារ​បង្ខាំង​ទុក ឱ្យ​រស់នៅ​រង​ទុក្ខវេទនា នៅ​តែ​ក្នុងផ្ទះ​ម្នាក់ឯង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​រូប​គាត់​មិន​បានដឹង​ថា មក​ពី​មូលហេតុ​អ្វី​ឡើយ ហើយ​ក៏​មិន​ដែល​បាន​ចេញ​ទៅ​ខាងក្រៅ ឬ​ក៏​ឃើញ​ពន្លឺព្រះអាទិត្យ​ដូច​គេ​ដែរ ។ ក្នុង​ពេល​នេះ​ដែរ រូប​គាត់​បាន​អំពាវនាវ តាម​រយៈ​កោះសន្តិភាព និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ធ្វើ​យ៉ាងណា​ជួយ​ឱ្យ​រូប​គាត់ បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ និង​មាន​សេរីភាព​ឡើង​វិញ ដូច​គេឯង​ផង ។


ប្រភព​ព័ត៌មាន​ព្រឹក​ម្សិលមិញ​ពី​អ្នក​ជិតខាង​ជា​ច្រើន​នាក់​បាន​ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​មក​រស់នៅ​ក្បែរ​ផ្ទះ​ខាង​លើ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ខ្លះ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក និង​អ្នកខ្លះ​តាំងពី​ឆ្នាំ​២០០២​មក ដោយ​ពួក​គាត់​បានឃើញ​ផ្ទះ​ខាងលើ​ចាក់សោ និង​បិទទ្វារ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ និង​ឃើញ​ស្ត្រី​ម្នាក់​នៅ​ខាងក្នុង​ផ្ទះល្វែង​ជាន់​ទី​១​នេះ​តែ​ម្នាក់ឯង មិន​ដែល​ឃើញ​ដើរ​ចេញ​មក​ខាងក្រៅ​ដូច​គេឯង​សោះ ។ គាត់​និយាយ​ថា លុះដល់​ពេលបាយ​ទើប​ឃើញ​មាន​មនុស្សយ​កបាយ ទឹក​មក​ហុច​ឱ្យ​រួច​ហើយ​ក៏​ចេញ​ទៅ​វិញ​បាត់ ហាក់បីដូចជា​មាន​អាថ៌​កំបាំង​អ្វីមួយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ការ​ចាក់សោ​បង្ខាំង​ស្ត្រី​ម្នាក់​នេះ គឺ​រូប​គាត់​បានឃើញ​តាំងពី​នាង​នៅ​វ័យក្មេង មាន​សម្រស់​ស្រស់​ស្អាត និង​មាន​សម្លៀក​បំពាក់​ត្រឹមត្រូវ ។ ពោល​គឺ​ក្រោយ​ពេល​ដែល​ឪពុក​ម្តាយ​របស់​គាត់​បាន​ស្លាប់​អស់​ទៅ មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជិត​២០​ឆ្នាំ ហើយ ។ ក្រោយ​ពី​ពួក​គាត់​បានឃើញ​សភាព​បែប​នេះ ពួក​គាត់​ទាំងអស់​គ្នា​តែងតែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ត្រី​ម្នាក់​នោះ ដោយ​រស់នៅ​ក្ន​ង​ផ្ទះ​តែ​ម្នាក់ឯង ហើយ​ត្រូវ​គេ​ចាក់សោ​ទ្វារ​បិទ​ជិត និង​ជា​ពិសេស​មានការ​ភ័យ​ខ្លាច​ពេល​ដែល​មានរឿង​ជាយថាហេតុ​ណាមួយ​កើតឡើង ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម តើ​រូប​គាត់​នឹង​ទៅ​ជា​យ៉ាងណា ។ អ្នក​ជិតខាង​បាន​និយាយ​ថា បានជា​ការ​បង្ខាំង​មនុស្ស​អូស​បន្លាយ​ដល់​ជិត​២០​ឆ្នាំ​នេះ ត្រូវ​បិទ​ជិត ដោយសារ​តែ​ពួក​គាត់​ខ្លាច​បងប្អូន​គេ​រករឿង​ថា​ចេះ​ដឹង​រឿង​គេ ទើប​មិន​ហ៊ាន​និយាយ ។


ស្រប​ពេល​ដែល​មានការ​ចុះ​ផ្សាយ​របស់​កោះសន្តិភាព ​ទើប​ដឹង​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ពឹង​កោះសន្តិភាព​ឱ្យ​ជូន​ទៅ​មើល​ដល់​ផ្ទះ​ខាងលើ​នោះ ទើប​ភ្ញាក់ផ្អើល​ក៏​បានឃើញ​មាន​ក្មេង​ប្រុស​ពីរ​នាក់​បាន​នាំ​គ្នា​មក​ដល់ ហើយ​ធ្វើ​ជា​ចាក់សោ​បើកទ្វារ ធ្វើ​ហាក់បីដូចជា​មិនដឹង​ថា កើត​មានរឿង​អ្វី​ឡើយ ។ ពេល​នោះ យុវជន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ​បាន​អះអាង​ថា រូប​គាត់​មានឈ្មោះ រ័​ត្ន ធី អាយុ​​២៦​ឆ្នាំ ត្រូវជា​ម្ចាស់ផ្ទះ និង​ជា​ក្មួយ​ប្រុស​របស់​ស្ត្រី​ខាងលើ ហើយ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​ម្តាយ​ខ្លួន​ទុក​ឱ្យ​មីង​រស់នៅ​បែប​នេះ​រយៈ​ពេល​៦​ទៅ​៧​ឆ្នាំ​មក​ហើយ ។ មូលហេតុ​ដែល​ម្តាយ​របស់​ខ្លួន​ចាក់សោ​បង្ខាំង​ទុក​ស្ត្រី​ជា​ម្តាយមីង​របស់​ខ្លួន​នៅ​ក្នុងផ្ទះ​នោះ ពីព្រោះ​រូប​គាត់​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​បង្ក​ការ​លំបាក បើ​រស់នៅ​ជាមួយនឹង​ក្រុម​គ្រួសារ តែ​ក៏​ធ្លាប់​បាន​នាំ​ចេញ​ខាងក្រៅ នៅ​ពេល​មាន​ពិធីបុណ្យ​សែន​កុងម៉ា​ម្តង​ៗ​ដែរ ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​អះអាង​របស់​យុវជន​រូប​នេះ​ដែល​និយាយ​ថា ជា​ក្មួយ​ប្រុស​របស់​ស្ត្រី​ដែល​ត្រូវ​បង្ខាំង រូបគេ​អះអាង ទាំង​ស្រពិចស្រពិល និង​ព្រមទាំង​មិន​បាន​ស្គាល់ឈ្មោះ និង​អាយុ​របស់​ម្តាយមីង​ខ្លួនឯង​ច្បាស់​សោះ ។ នៅ​ពេល​មានការ​សាកសួរ​ឈ្មោះ គេរ​ត់ទៅ​សួរ​ឈ្មោះ​ហើយ​បាន​ឆ្លើយ​តប​មក​វិញ ។


លោក សឿង កុសល ចៅសង្កាត់​ផ្សារ​ថ្មី​ទី​៣ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ខាំង​ស្ត្រី​ម្នាក់​ខាងលើ​នៅ​ក្នុងផ្ទះ​នេះ​ដែរ រូប​លោក​ក៏​ធ្លាប់​បាន​ទទួល​ការ​រាយការណ៍​ប្រាប់​អំពី​សំណាក់​ក្រុម​គ្រួសារ​ខាងលើ​នេះ​ដែរ ដោយ​អះអាង​ថា រូប​គាត់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី មិន​អាច​ទៅ​រស់នៅ​ជាមួយ និង​ក្រុម​គ្រួសារ​បងប្អូន​នៅ​ឯ​ផ្សារ​កណ្តាល​បាន​ទេ ទើប​គេ​ចាក់សោ​ទុក​ក្នុងផ្ទះ​នេះ ។ ការ​ចាក់សោ​ទុក​ស្ត្រី​ម្នាក់​ខាងលើ​ឱ្យ​នៅ​តែ​ក្នុងផ្ទះ​នេះ​ដែរ គឺ​បងប្អូន​តែងតែបាន​យក​បាយ ទឹក​មក​ផ្តល់​ឱ្យ​ជា​ប្រចាំ​ដោយ​មួយ​ថ្ងៃ​៣​ពេល ដូច​គេឯង​ជា​ធម្មតា គ្រាន់តែ​គេ​រវល់​ជាប់​រកស៊ី​មិន​បាន​មក​មើល​ជា​ញឹកញាប់​ប៉ុណ្ណោះ​ដែល​ការ​អះអាង​នេះ​ដូច​មិន​ទំនង​សោះ ។
ចៅសង្កាត់​ថ្មី​ក៏​បាន​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ចាក់សោ​បង្ខាំង​ស្ត្រី​ម្នាក់​នៅ​ក្នុងផ្ទះ​នេះ​ដែរ គឺ​រូប​លោក​ទើបតែ​បានឃើញ​ក្នុង​ទំព័រ​កាសែត​កោះសន្តិភាព​ចុះ​ផ្សាយ​ប៉ុណ្ណោះ ហើយ​ក្នុង​នាមរូប​លោក​ក៏​មិន​ទាន់​ដឹង​ថា មាន​ចំណាត់ការ​យ៉ាងណា​ទេ និង​រង់ចាំ​រាយការណ៍​ទៅ​ប្រាប់​ថ្នាក់លើ​សិន ។


តាម​ការ​កោះហៅ​របស់​នគរបាល​ប៉ុស្តិ៍ ពាក់ព័ន្ធ​ការ​បង្ខាំង​នេះ នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា ស្ត្រី​ម្នាក់​ឈ្មោះម៉ា ហួរ អាយុ​៥៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤៣E0 ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ​ ដែល​ត្រូវជា​បងស្រី​បង្កើត​បាន​និយាយ​បំភ្លឺ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​គាត់​បង្ខាំង​ទុក​ក្នុងផ្ទះ​លេខ​១០២E១ ភូមិ​៦ ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​(​ប្លុក​តាន់​ប៉ា​)​ឈ្មោះ ម៉ា ង៉ោ អាយុ​៤៥​ឆ្នាំ មាន​សតិ​មិនសូវ​ល្អ​ត្រូវជា​ប្អូនបង្កើត​របស់​គាត់ ។ ការ​ដែល​គាត់​យក​ប្អូន​មក​បង្ខាំង​ទុក​នៅផ្ទះ​ខាងលើ ដោយ​សារ​តែ​វា​ពិបាក​ក្នុង​ការ​គ្រប់គ្រង ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ​តែ​មិន​បាន​បោះបង់​នោះ​ទេ យើង​តែងតែ​យក​បាយ​ទៅ​ឱ្យ​ហូប​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ​។

បុ​៉​ន្តែ​មិន​មាន​អ្នក​នៅ​ជាមួយ​នោះ​ទេ គឺ​ប្អូន​គាត់​នៅ​តែឯង​ទាំងថ្ងៃទាំងយប់ ហើយ​ពេល​មានបុណ្យ​ទាន​សែន​កុងម៉ា ទើប​រូប​គាត់​មក​នាំ​ប្អូនស្រី​ឈ្មោះ ម៉ា ង៉ោ (​មិនមែន​ឈ្មោះ មាំ​ង ង៉ ទេ​) ទៅ​ចូលរួម​ក្នុង​ពិធី​នេះ​មិន​ដែល​ខាន​ឡើយ យើង​គ្មាន​គំនិតអាក្រក់​លើស​ពី​នេះ​ទេ ។ ស្ត្រី​ជា​បង​បាន​រៀបរាប់​ថា ប្អូនស្រី​ដែល​មាន​សតិ​មិនល្អ​ក្រោយ​ពី​ម្តាយ​បាន​ស្លាប់​ចោល​ទៅ គាត់​ក៏​បាន​យក​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ព្យាបាល​មើល​ដែរ ហើយ​ក៏​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ទៀត​ផង បុ​៉​ន្តែ​លិខិត​នោះ​មិនដឹង​ច្រឡំ​ដៃ​ទុក​នៅឯណា​ឡើយ ។


លោក​មេ​បុ​៉​ស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​៣​បាន​សុំ​ឱ្យ​ស្ត្រី​ជា​បង​យក​ប្អូន​ទៅ​នៅ​ជាមួយ ព្រោះ​ខ្លាច​នៅ​ពេល​ណាមួយ​ស្ត្រី​ជា​ប្អូន​ដែល​មាន​សតិ​មិន​ប្រក្រតី​អាច​ចងក​សម្លាប់​ខ្លួន ឬ​អាច​ស្លាប់​ដោយ​ប្រការ​ណាមួយ​ជា​ចៃដន្យ​នោះ វា​នឹង​ធ្លាក់​មក​លើ​រូប​គាត់​ជា​បងស្រី ព្រោះ​គាត់​ជា​អ្នក​បង្ខាំង​ប្អូនស្រី​អស់​១​ជីវិត​បែប​នេះ​មិនជា​ការ​ល្អ​ទេ ហើយ​សុំ​ឱ្យ​យក​ស្ត្រី​ជា​ប្អូន​នេះ ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ម្តងទៀត​ព្រមទាំង​មាន​បញ្ជាក់​លិខិត​ស្នាម​ត្រឹមត្រូវ​ទើប អាជ្ញាធរ​ឯកភាព ។

ស្ត្រី​ជា​បង​បាន​បញ្ជាក់​ថា គាត់​គ្មាន​លទ្ធភាព​យក​ប្អូន​ទៅ​នៅ​ជាមួយ​នោះ​ទេ ព្រោះ​វា​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង មាន​តែ​ទុក​នៅផ្ទះ​ខាងលើ​តែ​បុ​៉​ណ្ណោះ រីឯ​បញ្ហា​អនាម័យ​គាត់​និង​រៀបចំ​បោសសំអាត​ឡើង​វិញ មិន​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ទៀត​ទេ ។ បើ​តាម​សម្តី​របស់​ស្ត្រី​ជា​បង គឺ​ទុក​ប្អូន​ចោល​ឱ្យ​រស់នៅ​ឯកោ ។ គួរ​ណាស់​នាំ​ទៅ​ព្យាបាល​ខ្លះ​ៗ ក្រែងលោ​បាន​ធូរស្រាល​...​ប៉ុន្តែ​គ្មាន​ទេ ។


អ្នកដឹង​រឿងលើក​ឡើង​ថា អាជ្ញាធរ​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​មានការ​បង្ខាំង​ទុក​ប្អូនស្រី​នៅផ្ទះ​ខាងលើ​បន្ត​ទៀត​ទេ ព្រោះ​ការ​បង្ខាំង​ទុក​នេះ​មិន​មាន​អ្នក​នៅ​ជាមួយ​ដេក​តែ​ម្នាក់ឯង​ទាំងថ្ងៃទាំងយប់ ដូច​បំបរបង់​មនុស្ស​ចោល​ឱ្យរ​ស់រង់​ចាំតែ​ថ្ងៃ​ស្លាប់​បុ​៉​ណ្ណោះ​ឱ្យ​រស់នៅ​ទាល់តែ​ឡប់សតិ​អស់ ។

មាន​ព័ត៌មាន​ថា កាលពី​ដំបូង​ស្ត្រី​ឈ្មោះ ម៉ា ង៉ោ មាន​ទម្ងន់​ជាង​៤០​គីឡូក្រាម មាន​រូបរាង​ស្អាតបាត តែ​ឥឡូវនេះ​នៅ​សល់​ប្រហែល​ជាង​៣០​គីឡូក្រាម មាន​រូបរាង​ស្គមស្គាំង​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ។ កាល​ដើម​ឡើយ​និយាយ​ចេះ​ដឹង​ខុស​ត្រូវ​ជាមួយ​អ្នក​ជិតខាង លុះ​មក​ដល់​ពេល​នេះ​និយាយ​ម្តង​គោ ម្តង​ក្របី​មាន​ពេល​ខ្លះ​និយាយ​តែ​ម្នាក់ឯង​ទៀត​ផង​។ ដូច្នេះ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​រឿង​បង្ខាំង​ស្ត្រី​រូប​នេះ​ឱ្យ​បាន​ច្បាស់លាស់​ផង ។


ទាក់ទិន​និង​ការ​បង្ខាំង​មនុស្ស​ទុក​ទាល់តែ​ឡប់សតិ​នៅ​ក្នុងផ្ទះ​លេខ​១០២​អឺ​១ ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​៣ លោក​ចៅសង្កាត់​ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មី​បាន​អះអាង​ថា រឿង​នេះ​លោក​បាន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាល​ខណ្ឌ​ដើម្បី​សុំ​គោលការណ៍​ហើយ ទោះជា​បែប​ណា​លោក​បន្ត​តាមដាន​ក្នុង​ការ​បង្ខាំង​ស្ត្រី​រូប​នេះ​តទៅ​ទៀត និង​ស្វែងរក​អង្គការ​ណាមួយ​ដែល​អាច​ជួយ​ដោះស្រាយ​ករណី​នេះ ក្រែង​បាន​រស់នៅ​ប្រសើរ​ជាង​សាច់ញាតិ​ទុក​ចោល ៕​

ប្រភព៖ kohsantepheapdaily.com.kh