Loading...

ទំរាំតែដឹងការពិត គេវាយគ្នាចង់ងាប់! ផ្អើលរឿងចាប់ក្មេងដាក់ក្នុងឃ្លុបរថយន្ដ ពេលនេះស្នងការខេត្តព្រៃវែង ចេញមកបកស្រាយ និងអំពាវនាវឲ្យពលរដ្ឋ បញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះ ព្រោះជាការយល់ច្រឡំទេ (មានវីដេអូ)

Loading...
(ព្រៃវែង)៖ កាលពីថ្ងៃទី០៣​ ខែសីហា និងរហូតដល់មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ករណីភ្ញាក់ផ្អើលតាមបណ្ដាញសង្គម Facebook នៅតែបន្ដកើតមានឡើង ជុំវិញហេតុការណ៍ បុរសអ្នកដើរលក់ទឹកត្រីម្នាក់ បានចាប់ក្មេងប្រុសអាយុ៧ឆ្នាំ ដាក់នៅលើរថយន្ដរបស់ខ្លួន ហើយបិទទ្វាររហូតធ្វើឲ្យឪពុកម្ដាយក្មេងប្រុសរូបនេះ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងភូមិខឹង រហូតបានទៅព្រួតវាយបុរសរូបនេះ បណ្ដាលឲ្យហើមមុខហើមមាត់ រងរបួសជាទម្ងន់ទៀតផង ស្ថិតនៅភូមិដូង ឃុំបាបោង ស្រុកពាមរក៏។


ដើម្បីឲ្យហេតុការណ៍មួយនេះបានស្ងប់ស្ងាត់ទៅវិញ នៅរសៀលថ្ងៃទី០៤ ខែសីហានេះ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានចេញមកបកស្រាយ ការពិត ពីដំណើររឿងដោយចាត់ទុកថា មិនមែនជាការពិត និងជាការយល់ច្រឡំ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋផ្សេងទៀត ក៏ដូចជាអ្នកលេង Facebook បញ្ឈប់ការ ចែកចាយព័ត៌មានបែបនេះ ដែលនាំឲ្យមានការភ័ន្ដច្រឡំ​កាន់តែខ្លាំងឡើងថែមទៀត។


យោងតាមខ្លឹមសារផ្ញើជូននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានបញ្ជាក់យ៉ាងដូច្នេះថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ឈ្មោះ ហ៊ន ម៉ាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ទឹកត្រីតាមរថយន្ដ ស្រុកកំណើតនៅភូមិដូង ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង ប៉ុន្ដែបានរៀបការប្រពន្ធនៅឯភូមិយ៉ោង ឃុំពារាប ស្រុកបាទី ខេត្តតាកែវ បានមកលក់ទឹកត្រី ដោយឈប់នៅមុខសាលារៀន ហើយពេលនោះមានក្មេងប្រមាណ៦-៧នាក់ ក្នុងចំណោមសិស្សសាលាទាំងអស់ក៏ចេញមកក្រៅ (ម៉ោងចេញលេង)។


ពេលនោះក្រោយពីការនិយាយលេងជាមួយក្មេង និងចង់បន្លាចក្មេងផងនោះ ព្រោះតែធ្លាប់ជាអ្នកកើតជានៅទីនេះ ស្រាប់តែឈ្មោះ ហ៊ន ម៉ាក់ បានចាប់ក្មេងប្រុស សាម ជូលាន អាយុ៧ឆ្នាំ ដាក់ក្នុងឃ្លប់រថយន្ដខាងក្រោយ ធ្វើឲ្យក្មេងនេះយំតែត្រូវបានឈ្មោះ ហ៊ន ម៉ាក់ បើកទូឲ្យចុះមកក្រោមវិញភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ដទៀតថា ដោយសារតែមានគ្រូបង្រៀននៅទីនោះស្ដីបន្ទោស រូបគេក៏បានធ្វើការសុំទោសដោយអះអាងថា គ្រាន់តែធ្វើលេងប៉ុណ្ណោះ រួចក៏បន្ដបើករថយន្ដលក់ទឹកត្រី នៅក្នុងភូមិជាធម្មតា។


លុះនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ បុរសរូបនេះ បានបើករថយន្ដកាត់មុខផ្ទះក្មេងប្រុសរូបនេះ ស្រាប់តែក្មេងប្រុសប្រាប់ឪពុកម្ដាយថា ពូបើកឡានមួយនេះ ជាអ្នកចាប់ខ្លួនដាក់ក្នុងឡាន ធ្វើឲ្យឪពុកម្ដាយរាយការណ៍ទៅមេភូមិ រហូតនាំគ្នាព្រួតវាយអ្នកបើកឡានរូបនេះ បណ្ដាលឲ្យរងរបួស ទម្រាំកម្លាំងនគរបាលប៉ុស្ដិ៍ទៅជួយអន្ដរាគមន៍ទាន់ពេលវេលា។


តាមរយៈការស៊ើបអង្កេតរួចមក លោកស្នងការ បានលើកឡើងថា វាជាការភ័ន្ដច្រឡំ គឺជាការបន្លាចក្មេងដោយសារធ្លាប់ស្គាល់ មិនមែនជាការចាប់ក្មេង ដូចអ្វីទៅតាមការលើកឡើងតៗគ្នានោះឡើយ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឈប់មានការភ័ន្ដច្រឡំលើករណីនេះតទៅទៀត៕













ប្រភព៖ Fresh News