Loading...

មហាសេដ្ឋីជំនួញមានបំផុតនៅប្រទេសថៃប្រាប់ពីគន្លឺះរកស៊ីឲ្យបានជោគជ័យដែលនឹកស្មានមិនដល់

Loading...
លោក Charoen Sirivadhanabhakdi អាយុ ៧៣ឆ្នាំ គឺជាមហាសេដ្ឋីជំនួញមានបំផុតនៅប្រទេសថៃ កាន់កាប់ក្រុមហ៊ុន និងភាគហ៊ុនក្រុមហ៊ុនជាច្រើនទាំងនៅប្រទេសថៃ សឹង្ហបុរី និងនៅប្រទេសប៉ែកអឺរ៉ុបជាច្រើនទៀត។ លោក Charoen ជាអ្នកមានជាងគេនៅក្នុងប្រទេសថៃ និងជាប់ជាមហាសេដ្ឋីលេខ៧១ ក្នុងចំណោមមហាសេដ្ឋីមានបំផុត៥០០នាក់នៅជុំវិញពិភលោកមានទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ១៥,៦០០,០០០,០០០$ ចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Bloomberg។


លោក Charoen មហាសេដ្ឋីកំពូលនៅប្រទេសថៃ មានដើមកំណើតជាជនជាតិចិន ដែលភៀសខ្លួនជាមួយឪពុកម្តាយរបស់លោកជំនាន់សម័យសង្គ្រាមលោក មករស់នៅក្នុងប្រទេសថៃ។ លោកបាន ឈប់រៀននៅអាយុ៩ឆ្នាំដោយសារគ្រួសារក្រីក្រពេក ហើយចាប់ផ្តើមលក់អីវ៉ាន់លើរទេះតាមចិញ្ចើមថ្នល់ ចិញ្ចឹមសមាជិកគ្រួសារចំនួន១១នាក់។


បច្ចុប្បន្ន មហាសេដ្ឋី Charoen គឺជាស្ថាបនិកក្រុមហ៊ុន Thai Beverage ដែលជាក្រុមហ៊ុនមេ មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ទាំងអចលនទ្រព្យ សណ្ឋាគារ ខនដូ ទាំងនៅក្នុងប្រទេសថៃ សឹង្ហបុរី និងប៉ែកអឺរ៉ុបផងដែរ។ ជាងនេះទៅទៀត លោកកាន់កាប់ក្រុមហ៊ុនភេសជ្ជៈល្បីៗជាច្រើនទៀត ដូចជា ស្រាបៀរឆាង Change Beer, ភេសជ្ជៈអូអ៊ីឈិ Oishi និង អ៊ីស កូឡា Est. Cola ជាដើម។


មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះ តែងផ្តល់ជាគំនិតដល់សហគ្រិនថ្មីៗថា ការរកស៊ីមិនត្រូវហក់លោតពេកនោះទេ សន្សឹមៗកុំបំបោល។ គាត់បានបន្ថែមទៀតថា ការរកស៊ីចាប់ផ្តើមពីតូច នឹងធ្វើឲ្យអ្នករៀនពីកំហុសបានយ៉ាងច្រើន ហើយបើអកុសលអាជីវកម្មអ្នកត្រូវបរាជ័យ នោះអ្នកនឹងមិនសូវបាក់ត្បាត។ ជាងនេះ លោកបានផ្តល់ជាមតិថា ពេលអ្នកនៅវ័យក្មេង ឆាប់ចាប់ផ្តើមរៀនរកស៊ី កុំខ្លាចខុស ដួលងើបៗ ហើយរៀនពីភាពបរាជ័យទាំងនោះ។


លោក បានក្រើនរំលឹកថាគួរចាប់ផ្តើមរកស៊ីពីតូច ហើយត្រូវរៀនពីវាឲ្យបានច្រើន ដូច្នេះបើថ្ងៃក្រោយអាជីវកម្មរបស់អ្នករីកធំធាត់ក្លាយជាក្រុមហ៊ុនធំ នោះអ្នកនឹងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីគ្រប់គ្រងវា។ ជាចុងក្រោយ លោកបានផ្តាំយុវជនជំនាន់ក្រោយថា ចង់ជោគជ័យខ្លាំងនិងយូរអង្វែងត្រូវចាប់ផ្តើមពីតូចទៅធំ គឺល្អបំផុត៕





ប្រភព៖ www.business-cambodia.com