Loading...

អតីត​គ្រូពេទ្យ​ចម្លង​អេដស៍​នៅ​ភូមិ​រកាជាង៣០០នាក់ ​សុំ​បន្ថយ​ទោស​មក​ត្រឹម​ ១៥ ​ឆ្នាំ

Loading...
ភ្នំពេញៈ ​ឈរ​នៅ​មុខ​ក្រចក​សេះ​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​​ពី​ម្សិលមិញ ជនជាប់ចោទ​ជា​អតីត​គ្រូពេទ្យ​បាន​អង្វរ​ចៅក្រម​ឲ្យ​បន្ថយទោស​ខ្លួន​ពី​ ២៥ ​ឆ្នាំ​មក​ត្រឹម​ ១៥ ​ឆ្នាំ​វិញ​ពាក់ព័ន្ធ​ចម្លង​មេរោគ​អេដស៍​នៅ​ភូមិ-ឃុំ​រកា​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ប្រមាណ​ ៣០០ ​នាក់​នៅ​ឆ្នាំ​ ២០១៤​។


ក្នុង​សវនាការ​ដែល​មាន​ជន​រងគ្រោះ​ ៥ ​នាក់​តំណាង​ឲ្យ​ ២២ ​នាក់​ដែល​មាន​ឈ្មោះ​ត្រូវ​ចូលរួម​ជនជាប់ចោទ​ យ៉ែម ជ្រិន ​អាយុ​ ៥៦ ​ឆ្នាំ​បាន​និយាយ​ថា​គាត់​ជា​ជន​ភៀសខ្លួន​ហើយ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​គិលានុបដ្ឋាក​ និង​បាន​មក​រស់នៅ​ភូមិ-ឃុំ​រកា​នៅ​ឆ្នាំ​ ១៩៩៤​។

ជនជាប់ចោទ​រូប​នេះ​បាន​បន្ត​ថា​កាល​នោះ​គាត់​បាន​បើក​កន្លែង​ព្យាបាល និង​លក់​អីវ៉ាន់​ហើយ​ត្រូវ​អ្នក​ភូមិ​ហៅ​ឲ្យ​ទៅ​ចាក់​ថ្នាំ​ និង​ព្យួរ​សេរ៉ូម​តាម​ផ្ទះ​។ ​រីឯ​ម្ជុល​ដែល​គាត់​ចាក់​ឲ្យ​អ្នក​ជំងឺ​នោះ​មិន​បាន​សម្លាប់​មេរោគ​ទេ​ហើយ​គាត់​បន្ត​ព្យាបាល​រហូត​ដល់​មាន​ករណី​ឆ្លង​មេរោគ​អេដស៍​នេះ​។


យ៉ែម ជ្រិន ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​បាន​ព្យាបាល​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ ហើយ​គាត់​ស្លាប់​បាត់​ហើយ ប៉ុន្តែ​ម្ជុល​ដែល​ខ្ញុំ​ចាក់​ឲ្យ​អ្នក​ជំងឺ​អេដស៍​ខ្ញុំ​ទុក​ផ្សេង ឯ​ម្ជុល​សម្រាប់​ចាក់​អ្នក​ជំងឺ​ផ្សេង​ទុក​ដោយ​ឡែក​។ ​ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​ដាក់​ជាមួយ​គ្នា​ធ្វើឲ្យ​ច្រឡំ​»​។

ប៉ុន្តែ​ជន​ជាប់ចោទ​ថា​ក្រោយ​មក​គាត់​ព្យួរ​សេរ៉ូម​ និង​ចាក់​ថ្នាំ​​ឲ្យ​អ្នក​ជំងឺ ប៉ុន្តែ​ចាក់​រួច​បោះ​ម្ជុល​ចោល​ហើយ​។ ​ចំពោះ​ការ​ឆ្លង​មេរោគ​អេដស៍ គាត់​ក៏​មិន​ដឹង​ថា​គាត់​ ឬ​អ្នក​ផ្សេង​ជា​អ្នក​ចម្លង​ទេ ព្រោះ​ក្នុង​ភូមិ​មាន​គ្រូពេទ្យ​ ៧ ​ទៅ​ ៨ ​នាក់​ដែរ​។ ​«​ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ការ​សោកស្តាយ​ខ្លាំង​ដែរ​ព្រោះ​ម្តាយ​ក្មេក បង​និង​ក្មួយ​ខ្ញុំ​ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ​។ ​ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​ទទួល​កំហុស​ និង​សូម​តុលាការ​បន្ថយ​ទោស​ឲ្យ​ខ្ញុំ​ ១០ ​ឆ្នាំ​ផង​»​។


លោក ល.ល. អាយុ​ ៥៤ ​ឆ្នាំ​ក្នុង​ចំណោម​ជនរងគ្រោះ​ ៤ ​នាក់​ទៀត​ថ្លែង​ក្នុង​សវនាការ​ថា​ឆ្នាំ​ ២០១៤ ​ឪពុកក្មេក​លោក​បាន​ទៅ​ជោះ​ឈាម​ស្រាប់​តែ​គ្រូពេទ្យ​ថា​គាត់​មាន​ផ្ទុក​មេរោគ​អេដស៍​ក៏​ផ្ទុះ​រឿង​តែ​ម្តង​។ ​ឯ​រូប​លោក​ពេល​ជន​ជាប់​​ចោទ​ចាក់​ថ្នាំ​ឲ្យ​ឃើញ​ម្ជុល​មាន​ឈាម ហើយ​ខ្លះ​អត់​មុត​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​រឿង​នេះ​​ប្រពន្ធ​ខ្ញុំ​ក៏​ឆ្លង​ដែរ​សរុប​ទាំង​សាច់​ញាតិ​ខ្ញុំ​ ១០ ​នាក់​ឆ្លង​មេរោគ​អេដស៍​ទាំង​អស់​។ ទោះ​យ៉ាង​ណា​ខ្ញុំ​ទុក​ឲ្យ​ច្បាប់​កំណត់​ទោស​ជន​ជាប់ចោទ​ទៅ​ចុះ​»​។


លោកតា ស.ឡ អាយុ​ ៨៣ ​ឆ្នាំ​ដែល​ចូលរួម​ក្នុង​សវនាការ​ម្នាក់​ទៀត​បាន​ថ្លែង​ថា​លោក​តែងតែ​ឲ្យ​ពេទ្យ​ជ្រិន​ព្យាបាល​ជំងឺ ហើយ​​ពេល​ផ្ទុះ​រឿង​នេះ​ក៏​ទៅ​ពិនិត្យ​ឈាម​ឃើញ​មេរោគ​អេដស៍ ហើយ​​ប្រពន្ធ​លោក​ក៏​មាន​ដែរ​។

រីឯ​ស្ត្រី​​ឈ្មោះ​ ស.ស. ថ្លែង​ថា​តាំងពី​មាន​​រឿង​នេះ​ទាំង​អាជ្ញាធរ​ និង​អង្គការ​មួយ​ចំនួន​បាន​យក​ចិត្ត​ទុកដាក់​ថែទាំ​ពួកគាត់​។ ​«​ប៉ុន្តែ​ពួក​ខ្ញុំ​មិន​អាច​ចេញ​ពី​ភូមិ​ទៅ​ប្រកបរបរ​ឆ្ងាយ​បាន​ទេ ព្រោះ​គ្មាន​ថ្នាំ​លេប​គ្រប់គ្រាន់​ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ជំនាញ​អ្វី​មួយ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត​ផង​។ ​ជន​ជាប់ចោទ​ជាប់គុក​ ២៥ ​ឆ្នាំ ឯ​អ្នក​​រងគ្រោះ​មាន​ជាង​ ៣០០ ​នាក់​ប៉ុន្តែ​ជនជាប់ចោទ​ក៏​គ្មាន​ចេតនា​បង្ក​ហេតុ​ដែរ​»​។


លោកស្រី​ព្រះរាជអាជ្ញា សាកញ្ញារិទ្ធ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជន​ជាប់ចោទ​សារភាព ប៉ុន្តែ​គាត់​បើក​ព្យាបាល​គ្មាន​ច្បាប់​ហើយ​ជន​ជាប់ចោទ​ក៏​​ធ្លាប់​ត្រូវ​បណ្តុះបណ្តាល​ពី​ការ​ចម្លង​មេរោគ​អេដស៍​ដែរ​។ ប៉ុន្តែ​គាត់​ធ្វេស​ប្រហែស​។

លោកស្រី​ថា​៖ «​សាក្សី​រងគ្រោះ​បញ្ជាក់​ថា​ម្ជុល​មាន​ឈាម និង​មិន​មុត តែ​ជនជាប់ចោទ​នៅ​តែ​ប្រើ​។ ​ដូច្នេះ​យោង​អង្គហេតុ និង​ភ័ស្តុតាង​ដែល​ប៉ូលិស​រកឃើញ​ និង​ផ្អែក​លើ​សាលក្រម​សាលា​​ដំបូង​ខេត្ត​បាត់ដំបង​ដាក់​ទោស​គាត់​ ២៥ ​ឆ្នាំ​នេះ​គឺ​តុលាការ​បាន​សម្រាល​ទោស​ឲ្យ​គាត់​ហើយ​។ ​តាម​ត្រូវ​ទោស​គាត់​ពី​ ៣០ ​ឆ្នាំ​ទៅ​ ១ ​ជីវិត​។ ​ខ្ញុំ​សូម​តម្កល់​សាលក្រម​នៅ​ដដែល​»​។

លោក​មេធាវី​ អ៊ុក វ៉ាន់ដេត ក្នុង​ចំណោម​មេធាវី​មួយ​រូប​ទៀត​សន្និដ្ឋាន​ថា​៖ «​អង្គហេតុ​កើត​មែន​ ប៉ុន្តែ​កូនក្តី​ខ្ញុំ​គ្មាន​អំពើ​ទុច្ចរិត​ចម្លង​មេរោគ​នេះ​ទេ ព្រោះ​អ្នក​រងគ្រោះ​ និង​គាត់​រាប់អាន​គ្នា​។ ​ដោយសារ​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ដូច្នេះ​អ្នក​ភូមិ​ពេល​ឈឺ​ទៅ​រក​គាត់​ឲ្យ​ព្យាបាល​។​ សូម​តុលាការ​ផ្តល់​ស្ថាន​សម្រាល​ទោស​ដល់​គាត់​ផង​»​។

គួរ​រំឭក​ថា​ជនជាប់ចោទ​ត្រូវ​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​សាលា​ដំបូង​​នៅ​ថ្ងៃ​ទី​ ២១ ​ខែ​ធ្នូ​ឆ្នាំ​ ២០១៤ ​ហើយ​នៅ​ថ្ងៃ​ ៣ ធ្នូ ឆ្នាំ​ ២០១៥ ​ត្រូវ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ផ្តន្ទាទោស​ ២៥ ​ឆ្នាំ​ដោយ​ចោទ​ ៣ ​បទល្មើស​ទី​ ១-​បើក​ព្យាបាល​គ្មាន​ច្បាប់​អនុញ្ញាត ទី​ ២-​ធ្វើ​ទារុណកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ និង​បទ​ប្រព្រឹត្ត​ដោយ​ចេតនា​ចម្លង​មេរោគ​អេដស៍​។

ទោះ​យ៉ាង​ណា​លោក ប៊េ ប៉េងស៊រ ប្រធាន​មណ្ឌល​សុខភាព​ឃុំ​រកា​ប្រាប់​ថា​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ដោយ​មេរោគ​អេដស៍​នៅ​ភូមិ​រកា​ពី​ឆ្នាំ​ ២០១៤ ​រហូត​ដល់​ខែ​កក្កដា​ឆ្នាំ​នេះ​មាន​ ២២ ​នាក់​ក្នុង​នោះ​មាន​ក្មេង​ ៣ ​នាក់​។ រីឯ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ខាង​មណ្ឌល​សុខភាព​បាន​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​លេប​ប្រចាំខែ​។

លោក​ថា​៖ «​ស្ថានភាព​អ្នក​ជំងឺ​ដែល​ទទួល​ការ​ព្យាបាល​ក្នុង​ភូមិ​រកា​បច្ចុប្បន្ន​មាន​ភាព​ប្រសើរ​ហើយ​ដោយ​ពួកគាត់​មក​ទទួល​ថ្នាំ​បាន​ទៀងទាត់​»​។

ក្រោយ​សវនាការ​លោកស្រី​ចៅក្រម​ យ៉េត ម៉ូលីន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា​សាលដីកា​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ៨ ខែ​កញ្ញា​ខាង​មុខ​៕

ប្រភព៖ www.postkhmer.com