Loading...

សាលា​ឯកជន​ ក៏​ប្រឈម​នឹង​ការ​រំលោភ​កុមារ​ពី​គ្រូ​បរទេស​ដែរ

Loading...
បើ​ទោះបី​ជា​មាន​ការ​បង្ហោះ​ពាក្យ​ចចាមអារ៉ាម ឬ​ក៏​រឿង​ពិត​ដែល​កើតឡើង​ថ្មីៗ​នេះ​ចំពោះ​ការ​រំលោភបំពាន​កុមារ ការ​ចាប់​កុមារ​ ឬ​មនុស្ស​ជំទង់​ដើម្បី​វះ​យក​ក្រលៀន​ដែល​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ថ្មីៗ​នេះ​ក្ដី ប៉ុន្តែ​​តិច​ ឬ​ច្រើន​វា​ជា​បញ្ហា​មួយ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​មាតាបិតា​។

ដូច​ករណី​អ្នក​គ្រូ​បង្រៀន​ផ្ញើ​សារ​ជា​សំឡេង​ទាន់​ហេតុការណ៍​ចែករំលែក​តាម​ហ្វេសប៊ុក​ថ្មីៗ​នេះ​អំពី​ការ​ចាប់​ក្មេង​ម្នាក់​នៅ​សាលារៀន​កោះ​មិត្ត​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​គឺ​កុមារ​ត្រូវ​បាន​គេ​ទះ​ថ្នាំ​ឲ្យ​សន្លប់​ដើម្បី​វះ​យក​ក្រលៀន តែ​ត្រូវ​អ្នកគ្រូ​ទៅ​ទាន់​ក៏​មិន​បាន​សម្រេច​។


រីឯ​ករណី​រំលោភ​បំពាន​កុមារី​ដែល​អ្នក​អត្ថាធិប្បាយ​វិទ្យុ​អ្នកស្រី វិរីយ៉ា បាន​ចែក​រំលែក​នូវ​ហេតុការណ៍​នេះ​ក្រោយ​អ្នកស្រី​ទទួល​បាន​ព័ត៌មាន​ពី​ម្តាយ​របស់​កុមារី​រងគ្រោះ រៀបរាប់​ប្រាប់​កាលពី​ថ្ងៃ​ទី​ ២០ ខែ​កក្កដា​ កន្លង​ទៅ​​ថ្មីៗ​នេះ​ ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​កុមារី​អាយុ​ ៥ ​ឆ្នាំ​បាន​ពាក់កណ្តាល​សម្រេច​ដែល​ប្រព្រឹត្ត​ដោយ​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​ (GBIS) ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ជនល្មើស​បបួល​កុមារី​ពី​សាលា​ទៅ​ផ្ទះ​គាត់​ហើយ​រំលោភ​សេពសន្ថវៈ​តែ​ម្តង​។

មួយ​ថ្ងៃ​បន្ទាប់​ឪពុកម្តាយ​កុមារី​បាន​ប្តឹង​ទៅ​ប៉ូលិស​ហើយ សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន​ជនល្មើស​ជនបរទេស​ដែល​មាន​តួនាទី​ជា​នាយករង​សាលា​ឯកជន​នោះ​តែ​ម្តង​។

ករណី​ទាំង​នេះ​គឺ​ស៊ី​គ្នា​ទៅ​នឹង​ពាក្យ​បណ្តឹង​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​មាន​ការ​បាត់​ខ្លួន​ចំនួន​ ២៣ ​ករណី​មក​ហើយ​ចាប់​តាំង​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃ​ទី​ ១៩ កក្កដា​សប្តាហ៍​កន្លង​ទៅ​​នេះ ដែល​ភាគច្រើន​គឺ​កុមារ​ និង​យុវវ័យ​។

ចំពោះ​ករណី​ជាក់ស្តែង​កើតឡើង​ទាំង​សាលា​រដ្ឋ​ទាំង​សាលា​មត្តេយ្យ​ឯកជន​បែប​នេះ ធ្វើ​ឲ្យ​ឪពុកម្តាយ​រឹត​តែ​បារម្ភ​ថែម​ទៀត បើ​ទោះបី​ជា​ដាក់​សាលារៀន​ឯកជន​ក៏ដោយ​គិត​ថា​មាន​សុវត្ថិភាព​ហើយ តែ​បែរ​ជា​មាន​បញ្ហា​ពេល​មាន​ករណី​រំលោភ​បំពាន​កុមារ​កើតឡើង​ចំពោះ​សាលា​មត្តេយ្យ​ឯកជន​ដោយ​គ្រូ​ជនបរទេស​នោះ​។

ជា​រួម​សាលា​ឯកជន​មួយៗ​ គឺ​ប្រកួត​ប្រជែង​ដណ្តើម​គ្នា​ឲ្យ​តែ​បាន​គ្រូបង្រៀន​ភាសា​អង់គ្លេស ហើយ​ជនជាតិ​ដើម​ទៀត​កាន់តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​តម្លៃ​ទៅ​គ្រូបរទេស​ទាំង​នោះ​ណាស់​ដើម្បី​ទាក់ទាញ​ស្វែងរក​ទីផ្សារ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​មាតាបិតា​បញ្ជូន​កូន​មក​រៀន​នៅ​សាលា​ឯកជន​របស់​ពួកគេ​។

ការ​ឲ្យ​តម្លៃ​គ្រូបរទេស​ដែល​មាន​អ្នក​ខ្លះ​ជា​មនុស្ស​ចង់​រួមភេទ​ជាមួយ​កុមារ​ (Pedophile) បាន​ឆ្លៀត​ឱកាស​ទាក់ទាញ​កុមារ​តាម​បែប​និយាយ​ភាសា​អង់គ្លេស​ដែល​កុមារ​ចូលចិត្ត​ និង​ពេញនិយម​ដើម្បី​បំប៉ន​តណ្ហា​របស់​ពួកគេ ព្រោះ​និន្នាការ​នៃ​ការ​បង្ក្រាប​ជនបរទេស​ដែល​ចូលចិត្ត​ទេសចរណ៍​ផ្លូវភេទ​កុមារ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ច្រើន​ករណី ខណៈ​ពួកគេ​ជា​ជនពនេចរ តែ​ឥឡូវ​បែរ​ទៅ​រក​កុមារ​តាមរយៈ​ការ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សាលា​មត្តេយ្យ​ឯកជន​វិញ​ម្តង​។

ចរិត​លក្ខណៈ​របស់​ជនបរទេស​ដែល​ចូលចិត្ត​រួមភេទ​កុមារ​នោះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​មាន​ឱកាស​ជ្រក​បាន​ដើម្បី​ប្រព្រឹត្ត​លើ​កុមារ​គឺ​គេ​ធ្វើ​ហើយ ដូចជា​កន្លង​មក​កើត​មាន​ករណី​ជនបរទេស​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ដែល​ធ្វើការ​ជួយ​អង្គការ​កុមារ​នៅ​ខេត្ត​សៀមរាប តែ​បែរ​ជា​មក​រំលោភ​សេពសន្ថវៈ​លើ​កុមារ​ទៅ​វិញ​រហូត​ត្រូវ​បាន​ចាប់​ដាក់​គុក​ទៀត​ផង​។

ចំពោះ​ករណី​រំលោភ​លើ​កុមារ​ទាំង​នេះ​តាំង​ពី​ឪពុកម្តាយ​ខ្លះ​មាន​លុយ​ជួល​ម៉ែ​ដោះ​មក​មើល​ឲ្យ​ប្រាក់​ខែ ហើយ​ជូន​ទៅ​សាលារៀន​ទៀត​ក៏​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​សុវត្ថិភាព​កូនៗ​របស់​ពួកគេ​ជា​ហេតុ​ធ្វើឲ្យ​ម្តាយ​ខ្លះ​ដែល​មាន​ប្រាក់ខែ​ពី​ ៣០០ ​ទៅ​ ៥០០ ​ដុល្លារ​សុខ​ចិត្ត​ឈប់​ធ្វើការ​យក​ពេល​មើល​ថែទាំ​កូន​វិញ​ប្រសើរ​ជាង​។

ដោយសារ​តែ ​ពួកគាត់​ខ្លាច​គេ​ធ្វើ​បាប​កូន​មិន​បាន​​នៅ​ក្បែរ​មិន​អស់​ចិត្ត ព្រោះ​តែ​មាន​ករណី​ម៉ែ​ដោះ​ដែល​ជួល​មក​ហើយ​គាត់​មិន​សប្បាយ​ចិត្ត​ក៏​ធ្វើ​ទារុណ​កុមារ​ដូច​ករណី​ថ្មីៗ​នៅ​ខណ្ឌ​មានជ័យ​ដែល​​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​មាន​ករណី​ម៉ែ​ដោះ​យក​ម្រាម​ដៃ​​លូក​ប្រដាប់​ភេទ​កុមារី​ត្រូវ​ឪពុកម្តាយ​ប្តឹង​ប៉ូលិស​ចាប់​ខ្លួន​កសាង​សំណុំ​រឿង​ទៅ​តុលាការ​។

ហេតុ​ដូចនេះ​ហើយ​ទើប​មាន​មាតាបិតា​ខ្លះ​ជួល​ម៉ែ​ដោះ​មើល​ថែទាំ​កូន​ហើយ​ដាក់​ប្រព័ន្ធ​កាមេរ៉ា​តាមដាន​ការ​មើល​ថែទាំ​កូន​របស់​ពួកគេ​ទៀត​។ ការ​ព្រួយបារម្ភ​នេះ​ក៏​ធ្វើ​ប៉ះពាល់​ប្រសិទ្ធភាព​ការងារ​របស់​ពួកគេ​មួយ​ចំនួន​ផង​ដែរ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មិនមែន​ឲ្យ​តែ​សាលា​ឯកជន​សុទ្ធ​តែ​មាន​គុណភាព​ ឬ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ដូច​គ្នា​នោះ​ទេ​គឺ​អាស្រ័យ​ទៅ​លើ​ស្តង់ដារ​របស់​សាលា​ឯកជន​ដែល​មាន​គ្រូបរទេស​ និង​គ្រូខ្មែរ​នោះ​មាន​ចែង​ក្នុង​គោលនយោបាយ​ប្រូតូកូល​ និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ផង​ដែរ​។

ឧទាហរណ៍​ដូច​នៅ​សាលា​វេស្ទើន​អន្តរជាតិ​ (WIS) ​ដែល​ខ្ញុំ​មាន​កូន​ ២ ​នាក់​កំពុង​រៀន​មត្តេយ្យ​នៅ​ទី​នោះ​គឺ​សាលា​រៀបចំ​ប្រព័ន្ធ​ការពារ​កុមារ​បាន​យ៉ាង​រឹងមាំ​តាំងពី​ព្រឹក​ចូល​ដល់​ក្នុង​សាលា រហូត​ដល់​ល្ងាច​ចេញ​មក​វិញ​។

នៅ​មុខ​សាលា​មាន​សន្តិសុខ​ជួយ​មើល​ផ្លូវ​ចូល មាន​អ្នក​គ្រូៗ​ជួយ​ទទួល​កុមារ បើ​មាន​ករណី​កុមារ​ជួល​រថយន្ត​ជូន​ដាក់​ផ្ទះ​គឺ​រថយន្ត​មាន​អ្នកគ្រូ​ស្រី​ម្នាក់​ជា​អ្នក​អម​ជាមួយ​អ្នក​បើកបរ​។ ចូល​ដល់​ក្នុង​សាលា អ្វីៗ​គឺ​បំពាក់​ទៅ​ដោយ​កាមេរ៉ា​ទាំងអស់​សូម្បី​តែ​នៅ​ក្នុង​ថ្នាក់​ក៏​មាន​ដែរ​ហើយ​ក្នុង​ថ្នាក់ បើ​មាន​គ្រូបរទេស​ប្រុស​ក៏​មាន​អ្នកគ្រូ​ខ្មែរ​អម​ជាមួយ​ដែរ​ដោយ​តាមដាន​ត្រួតពិនិត្យ​តាំង​ពី​កន្លែង​លេង ហូបចុក និង​បន្ទប់ទឹក​ត្រូវ​មាន​អ្នកគ្រូ​ទៅ​អម​ជាមួយ​ទាំងអស់​។ ​ក្នុង​​ករណី​កុមារ​ក្តៅខ្លួន ឬ​ក៏​អវត្តមាន​ ឬ​ករណី​ឪពុកម្តាយ​ទៅ​ទទួល​យឺត​គឺ​ខាង​រដ្ឋបាល​ទូរស័ព្ទ​មក​ឪពុកម្តាយ​ភ្លាមៗ​។

បទ​បញ្ជា​ផ្ទៃក្នុង​របស់​សាលា​មាន​ទាំង​គ្រូ​មាន​ទាំង​សិស្ស​មាន​ទាំង​អក្សរ​ខ្មែរ​ និង​អង់គ្លេស​សម្រាប់​គ្រូ​បរទេស​ផង​ដែរ​។

នៅ​ពេល​មាតាបិតា​សង្ស័យ​ថា​កូន​មាន​បញ្ហា​ ឬ​ក៏​កុមារ​រាយការណ៍​ថា​មាន​ការ​រំលោភបំពាន​​ពី​សាលា​គឺ​សាលា​បើក​កាម៉េរ៉ា​ចាក់​វីដេអូ​សកម្មភាព​របស់​កុមារ​នោះ​ឡើង​វិញ​ផង​ដែរ​ដើម្បី​បញ្ជាក់​​ពី​យុត្តិធម៌ សុវត្ថិភាព និង​ភាព​ជឿជាក់​របស់​សាលា​។ មាន​ពេល​ខ្លះ​ខ្ញុំ​ចេញ​ពី​កន្លែង​ធ្វើការ​ទៅ​យក​កូន​យឺត​នៅ​សល់​តែ​កូន​ទាំង​ ២ ​នាក់​ក៏​សាលា​នៅ​មាន​បុគ្គលិក​ស្រី​ទទួល​ភ្ញៀវ​នៅ​ប្រចាំ​ផង​ដែរ​។

ចំណែកឯ​ភាព​ស្និទ្ធស្នាល​រវាង​គ្រូបង្រៀន និង​កូន​សិស្ស​គឺ​កើត​មាន​តែ​នៅ​ក្នុង​សាលា​ទេ តែ​ពេល​ផុត​ពី​សាលា​ក្រោយ​ពី​ឪពុកម្តាយ​មក​ទទួល​គឺ​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ក៏​ផុត​ពី​ការ​គ្រប់គ្រង​របស់​សាលា​ដែរ រីឯ​អ្នក​ផ្សេង​ដែល​ជា​ពូ​ ឬ​ក៏​មីង​របស់​កុមារ​មក​ទទួល លុះត្រា​មាន​កាត និង​មាន​ការ​អនុញ្ញាត​ពី​មាតាបិតា​ជា​មុន​សិន​។

ចំណុច​មួយ​ទៀត​គឺ​រៀងរាល់​ ៣ ​ខែ​ម្តង​សាលា​តែង​អញ្ជើញ​មាតាបិតា​សិស្ស​មក​ជួប​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទាំង​ខ្មែរ ទាំង​បរទេស​ដើម្បី​តាមដាន​ការវិវឌ្ឍ​​នៃ​ការ​សិក្សា​របស់​កូនៗ​ក៏​ដូច​សុខភាព សុវត្ថិភាព​ពួកគេ និង​ការ​ទទួល​យក​ព័ត៌មាន​ត្រឡប់​ដើម្បី​កែលម្អ​សាលា​ផង​ដែរ​។

ការ​ដែល​សាលា​រឹតបន្តឹង​បែប​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​សាលា​ផង​ និង​សុវត្ថិភាព​កុមារ​ផង​ដែល​ធ្វើឲ្យ​ឪពុកម្តាយ​ស្ងប់​ចិត្ត​។

នេះ​ជា​គោលការណ៍​ និង​ការ​អនុវត្ត​ជា​គំរូ​របស់​សាលា​វេស្ទើន​អន្តរជាតិ​ ខណៈ​សាលា​ឯកជន​ដទៃ​ទៀត​នៅ​មាន​ស្តង់ដារ​សុវត្ថិភាព​ទាបៗ​នៅ​ឡើយ​ហើយ​គួរ​​ចាត់​ពង្រឹង​ប្រព័ន្ធ​របស់​ខ្លួន​ដោយ​ឲ្យ​តម្លៃ​គ្រូខ្មែរ និង​គ្រូបរទេស និង​ត្រួតពិនិត្យ​តាមដាន​ដូចៗ​គ្នា​កុំ​ទុក​ចិត្ត​តែ​គ្រូបរទេស​ខ្លាំង​ពេក​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​រំលោភបំពាន​លើ​កុមារ​។

ដើម្បី​ធានា​ដល់​សុវត្ថិភាព​កុមារ​មក​រៀន បុគ្គលិក​សាលា​ឯកជន​ទាំងអស់​ដែល​ចុះ​ហត្ថលេខា​កិច្ចសន្យា​ជាមួយ​នាយក​សាលា​គឺ​តម្រូវ​ឲ្យ​មន្ត្រី​ធនធាន​មនុស្ស​អាន​គោល​នយោបាយ ដែល​អនុលោម​ទៅ​តាម​ច្បាប់​ជាតិ​ឲ្យ​ស្តាប់​ទាំងអស់​ទាំង​ភាសា​ជាតិ និង​ភាសា​អង់គ្លេស​ដើម្បី​ឲ្យ​គាត់​ស្តាប់​នូវ​ចំណុច​សំខាន់​មួយ​នេះ​គឺ​ការ​រំលោភ​បំពាន​កុមារ​ហើយ​សាលា​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​មាន​ករណី​បែប​នេះ​កើតមាន​ឡើង​នៅ​ក្នុង​សាលា​។

ដើម្បី​សុវត្ថិភាព​កុមារ​ចំពោះ​ករណី​សង្គ្រោះ​បន្ទាន់​សូម​ទាក់ទង​សមត្ថកិច្ច​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ ២ ​ខ្សែ​គឺ​លេខ ០៣១២០១ ២៣៤៥ និង​លេខ​ ០៣១ ៦០១ ២៣៤៥៕

ប្រភព៖ http://www.postkhmer.com