Loading...

ពិតជាមានន័យខ្លាំងណាស់! សុភមង្គលវាមិនមែនកើតឡើងដោយខ្លួនឯងទេ លុះត្រាតែយើងជាអ្នកបង្កើតវា

Loading...
មាន​សុភមង្គល​ក្នុង​ជីវិត ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន តែ​មនុស្ស​ជាច្រើន​មិនអាច​រកឃើញ​សុភមង្គល​បាន​ទាំង​ក្នុង​ជីវិត សិក្សា ការងារ អាជីវកម្ម និង​ជីវិត​គ្រួសារ។ តាមពិតទៅ សុភមង្គល មិនមែន​សម្រាប់​ស្វែងរក​នោះទេ គឺ​វា​ទាមទារ​ឱ្យ​ខ្លួន​យើងម្នាក់ៗត្រូវបង្កើត​វា​ដោយ​ខ្លួនឯង ហើយ​ការ​រៀបចំខ្លួន​ឱ្យមាន​សុភមង្គល​ក៏​ត្រូវមាន​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​សម្រាប់​អនុវត្ត។


អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint លោក សោម សម្បត្តិ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី «អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល» ថា សុភមង្គល ជា​ភាសា​អង់គ្លេស​ថា Happiness គឺ​មានន័យថា​លើ​ពី​ការសប្បាយ។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានបំណង​ចង់បាន​សុភមង្គល ហើយ​សុទ្ធតែ​អាចបង្កើត​សុភមង្គល​បាន​សម្រាប់​ខ្លួនឯង គ្រាន់តែ​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​ទទួលបាន​សុភមង្គល​តែប៉ុណ្ណោះ។ ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​ជីវិត យើង​ត្រូវ​សន្សំ 4 យ៉ាង គឺ​សន្សំ​ចំណេះដឹង សន្សំ​ពេលវេលា សន្សំ​សុខភាព និង​សន្សំ​លុយ។


លោក សោម សម្បត្តិ បាន​និយាយថា៖ «ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​មនុស្ស ព្រោះថា​ជីវិត​អាច​ជោគជ័យ​ទៅបាន​លុះត្រាតែ​យើង​មានចំណេះ​សម្រាប់​ដោះស្រាយ​បញ្ហា មានចំណេះដឹង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត និង​ក្នុងសង្គម»។

សហគ្រិន​ជោគជ័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចំណេះដឹង​គឺ​មិន​ប្រាកដថា​ត្រូវ​រៀន​តែ​ក្នុង​សាលា​នោះទេ យើង​អាច​ស្វែងរក​ចំណេះ​ដឹងបាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​ការងារ និង​ពី​ផ្នែកផ្សេងៗទៀត​ក្នុង​ការរស់នៅ។ ទន្ទឹមនឹងនេះ ពេលវេលា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​មនុស្ស ព្រោះ​ថាបើ​យើង​មិនចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​ទេនោះ យើង​នឹង​ចាយ​ជីវិត​ចោល​ដោយ​មិនបាន​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត​នោះទេ។ ការគ្រប់គ្រង​ពេលវេលា​បានល្អ វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ការអភិវឌ្ឍ​ក្នុងពេល​ដ៏​សមប្រកប ដែល​វា​រុញច្រាន​ឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ​រួមទាំង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។


ក្រៅពីនេះ សុខភាព ក៏​ជា​រឿង​ចម្បង​មួយ​ដែរ​សម្រាប់​សុភមង្គល។ បើ​សុខ​ភាពមិន​រឹងមាំ យើង​ក៏​គ្មាន​កម្លាំង​ឯណា​ទៅយក​ឈ្នះ​បញ្ហា​នានា​នោះទេ ហើយ​បើ​យើង​មិនអាច​ឈ្នះ​លើ​អាជីវកម្ម ឬ​មិនអាច​ឈ្នះ​លើ​ការតាំង​ចិត្ត​របស់​យើង​នោះទេ យើង​ក៏​មិនអាច​ទទួលបាន​សុភមង្គល​នោះដែរ។ អ្វីដែល​សំខាន់​គឺ​រក្សា​សុខភាព​ឱ្យបាន​ល្អ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ការងារ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ។ ចំណុច​សំខាន់​ចុងក្រោយ គឺំ​មនុស្ស​គ្រប់គ្នា​ត្រូវ​សន្សំ​ថវិកា ធ្វើយ៉ាងណា​ឱ្យមាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ។


ជាការ​ពិតណាស់​លុយ​មិនមែនជា​ធាតុ​គ្រប់យ៉ាង​របស់​សុភមង្គល​នោះទេ តែ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ គឺជា​ធាតុ​សំខាន់​មួយ​ដើម្បី​កសាង​សុភមង្គល។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នកមាន​គេ​ទប់​លុយ​មុននឹង​ចាយ មិនមែន​ចាយលុយ​ហើយ​បាន​រក​វិធី​ទប់​តាម​ក្រោយ​នោះទេ៕





ប្រភព៖ www.lareine.com.kh/news/article/9076