Loading...

ក្តៅៗ! ក្រសួងសុខាភិបាល ​គ្រោង​ប្រើ​យុទ្ធវិធី​ ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ពិនិត្យ​រក​មេរោគ​អេ​ដស៍​ដោយ​ខ្លួនឯង​

Loading...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ​គ្រោង​ប្រើ​យុទ្ធវិធី​ ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ពិនិត្យ​រក​មេរោគ​អេ​ដស៍​ដោយ​ខ្លួនឯង​នេះ នៅ​ពេល​ខាង​មុខ​នេះ ព្រោះមាន​ភាព​ងាយស្រួល ដោយ​ទទួល​បាន​នូវ​លទ្ធផល​លឿន​ឆាប់រហ័ស មិន​ចាំបាច់​រង​ចាំ​យូរ ចំណេញ​ពេលវេលា និង​ថវិកា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើតេស្ត​ឈាម និង​ទទួល​បាន​នូវ​ការ​ព្យាបាល​ជំងឺ​ភ្លាម​ៗ​ ផង​ដែរ ។


ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ដោយ​ខ្លួនឯង​នេះ បើ​តាម​លោក មាន ឈី​វុន ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នេះ​ថា យុទ្ធវិធី​នៃ​ការ​ធ្វើតេស្ត​ឈាម​ដោយ​ខ្លួនឯង​នេះ ត្រូវ​រង​ចាំ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​រវាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក និង​កាមរោគ ជាមួយ​អង្គការ​ដៃគូ​នានា ដែល​ធ្វើ​ការងារ​ផ្នែក​ជំងឺអេដស៍ ជា​មុន​សិន ទើប​អាច​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​អនុវត្ត​ខ្លួនឯង​បាន ។


លោក ​មាន ឈី​វុន បាន​បន្ថែម​ថា ការ​ដាក់​ចេញ​យុទ្ធវិធី​នេះ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ជាង​១​ម៉ឺន​នាក់​ទៀត ដែល​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​បានដឹង​ពី​ស្ថានភាព​ឆ្លង​ជំងឺ​នេះ​នៅឡើយ ហើយ​សង្ឃឹមថា តាម​រយៈ​យុទ្ធវិធី​នេះ នឹង​អាច​រក​ឃើញ​ឲ្យ​បាន​៩​ពាន់​នាក់ នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។


គួរ​បញ្ជាក់ផងដែរ​ថា ក្រសួងសុខាភិបាល​​បន្ត​ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ ទៅ​លើ​ក្រុម​ប្រឈម​នឹង​ជំងឺអេដស៍​មួយ​ចំនួន​រួម​មាន ៖ ស្ត្រី​បម្រើ​ការ​កំសាន្ត​សប្បាយ ក្រុម​បុរស​ស្រលាញ់​បុរស អ្នកជំងឺ​រ៉ាំរ៉ៃ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ដើម្បី​បង្កើន​ការ​រុករក​អ្នក​ផ្ទុក​ជំងឺអេដស៍​ឲ្យ​បាន​១០០​ភាគរយ និង​ដាក់​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​លប់​បំបាត់​ជំងឺអេដស៍​អោយ​អស់​ នៅ​ឆ្នាំ​២០២៥ ៕