Loading...

ឱកាសល្អមកដល់ទៀតហើយ! ផ្ទះ​តម្លៃ ​១៤៥០០ ​ដុល្លារ​ ទៅ​ ១៦៥០០ ​ដុល្លារ ​តែប៉ុណ្ណោះ

Loading...
បញ្ហា​លំនៅឋាន​នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ស្ថានភាព​ប្រជាជន​ភាគច្រើន​មិន​ទាន់​មាន​សមត្ថភាព​ដើម្បី​ទិញ​លំនៅឋាន​តម្លៃ​ថ្លៃៗ​សម្រាប់​រស់នៅ ហើយ​អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​សម្រុក​វិនិយោគ​សំដៅ​ដល់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ចំណូល​ខ្ពស់​តែ​ប៉ុណ្ណោះ​។

ផ្ទះ​តម្លៃ​ទាប​ជាង​ ២ ​ម៉ឺន​ដុល្លារ​ក្នុង​គម្រោង​ផ្ទះ​តាម​ក្តី​ប្រាថ្នា ជា​ឱកាស​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា សូមទំនាក់ទំងលេខខាងក្រោមបើមានចំណាប់អារម្មណ៍
011 964 701 និង093 800 697


សំណង់​នីមួយៗ​មាន​តម្លៃ​ពុំ​សមភាព​សម្រាប់​ប្រជាជន​ដែល​មាន​ជីវភាព​ទាប​នោះ​ទេ បើ​គិត​ទៅ​តាម​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា និង​សម្ភារ​សាងសង់​សំណង់​នៅ​តែ​មាន​តម្លៃ​ថ្លៃ​នៅ​ឡើយ​។ ប៉ុន្តែ​លំនៅឋាន​វា​ជា​រឿង​សំខាន់​មួយ​ដែល​បង្ហាញ​ពី​គុណភាព​ជីវិត​រស់នៅ​របស់​មនុស្ស​ជាតិ នរណា​ក៏​ត្រូវការ​លំនៅឋាន​ដែរ​នៅ​ក្នុង​ពិភពលោក​នេះ​វា​ក៏​ស្រប​នឹង​សុភាសិត​បុរាណ​ខ្មែរ​បាន​ពោល​ថា «...​ស៊ូ​លិច​ទូក​កណ្តាល​ទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​»​។


លោក ហាវ គង់ងី នាយក និង​ស្ថាបនិក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្ដី​ប្រាថ្នា បាន​មាន​ប្រសាសន៍​​ថា៖ «​គម្រោង​ផ្ទះ​តាម​ក្ដីប្រាថ្នា​ជា​សំណង់​ផ្ទះ​ដែល​មាន​តម្លៃ​តិច​ជាង​ ២ ​ម៉ឺន​ដុល្លារ ដែល​ជា​ឱកាស​ល្អ​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម និង​ទាប​អាច​រស់នៅ​បាន​សមរម្យ​»​។

យោង​តាម​ការ​ស្នើសុំ និង​តម្រូវការ​របស់​ប្រជាជន សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​ចង់​ចូលរួម​កសាង​សហគមន៍​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ស្អាត​សមរម្យ ដែល​មាន​ហេដ្ឋាន​ប្រកប​ដោយ​រចនាសម្ព័ន្ធ​ល្អ​ដូចជា​ប្រព័ន្ធ​ផ្លូវ លូ សួនច្បារ សាលារៀន និង​ទីផ្សារ​ជាដើម​។


គម្រោង​នេះ​បាន​សាងសង់​ផ្ទះ​រួចរាល់​ចំនួន​​ ២០ ​ខ្នង​ហើយ​ដែល​ស្ថិត​ក្រោម​គម្រោង​របស់​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ពី​រាជធានី​ភ្នំពេញ-កំពង់ស្ពឺ បត់​ចូល​ទៅ​ខាង​ស្តាំ​ដៃ​ប្រហែល​ ៩០០ ​ម៉ែត្រ​ដែល​ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។

អ្វី​ដែល​លោក​មើល​ឃើញ​ពី​សក្តានុពល​នៅ​តំបន់​ផ្លូវជាតិ​លេខ​ ៤ ​នេះ​ដោយសារ​វា​ស្ថិត​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ​អ៊ូអរ​ដែល​មាន​ចម្ងាយ​តែ​ ៦ ​គីឡូម៉ែត្រ​ពី​រង្វង់មូល​ចាមចៅ​។ អ្នក​ដែល​មក​ទិញ​ផ្ទះ​ទាំង​នោះ​គឺ​ភាគច្រើន​អ្នក​ដែល​មាន​ចំណូល​មធ្យម និង​ទាប​ដូចជា​អ្នក​រត់ម៉ូតូឌុប រ៉ឺម៉ក​កង់បី អ្នក​ធ្វើការ​រោងចក្រ និង​អាជីវករ​តូចតាច​។


លោក គង់ងី បាន​ឲ្យ​ដឹង​ថា​ក្រោយពី​ការ​លក់​ផលិតផល​ឥដ្ឋ​បរិស្ថាន ឬ​ឥដ្ឋ​ញី​ឈ្មោល សំណង់​ផ្ទះ​ចំនួន​ ១០ ​ខ្នង​បន្ថែម​នេះ​គឺជា​គម្រោង​ទី​ពីរ​នៃ​គម្រោង​ផ្ទះ​តាម​ក្តីប្រាថ្នា​។

លោក​បាន​បន្ត​ថា៖ «​ឥឡូវ​នេះ​យើង​បាន​សាង់សង់​ផ្ទះ​ចំនួន ២០ ​ខ្នង​រួចរាល់​ហើយ​ដែល​ផ្ទះ​មួយ​មាន​ទំហំ​ ២៤ ​ម៉ែត្រការ៉េ ជាន់​ក្រោម និង ២៤ ​ម៉ែត្រការ៉េ នៅ​ជាន់​ខាង​លើ​។ ផ្ទះ​ទាំងអស់​ត្រូវ​បាន​សាងសង់​ពី​ឥដ្ឋ​បរិស្ថាន ឬ​ឥដ្ឋ​ញី​ឈ្មោល (Interlock Brick) ដែល​ផលិត​ដោយ​ក្រុម​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។


«​ដោយ​លក្ខណៈ​ពិសេស​នៃ​ឥដ្ឋ និង​គុណភាព​យើង​បាន​សាងសង់​សាកល្បង​ជា​លើក​ទី​​ ២ ​ដោយ​ចំណាយ​ស៊ីម៉ង់ត៍​តិច និង​សន្សំ​កម្លាំង​ពលកម្ម​តិច​ដែរ​ក្នុង​ការ​សាងសង់​ដោយ​ឥដ្ឋ​ប្រភេទ​នេះ​គេ​អាច​សាងសង់​បាន​ច្រើន​ជាន់​អាស្រ័យ​លើ​បច្ទេកទេស​ក្នុង​ការ​គណនា​របស់​វិស្វករ​សំណង់​»​។

លោក​បន្ថែម​ថា​ការ​ច្នៃ​ម៉ូដ​ប្រភេទ​ផ្ទះ​ថ្មី​ទាំង​ ២០ ​ខ្នង​នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​សមាជិក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តីប្រាថ្នា និង​ក្រុមហ៊ុន​រចនា​សាងសង់​ក្នុង​ស្រុក​មួយ​ចំនួន​។


លោក​បន្ត​ថា​ផ្ទះ​មួយ​ខ្នង​តម្លៃ​ពី​ ១៤៥០០ ​ដុល្លារ​ទៅ​ ១៦៥០០ ​ដុល្លារ​ហើយ​នៅ​ពេល​ប្រជាជន​មក​ទិញ​ពួកគាត់​ត្រូវ​បង់​តែ​ថវិកា ៣០ ​ភាគរយ​ជា​មុន ឬ​ក៏​បង់​ផ្តាច់​ក៏​បាន​។ រីឯ​ ៧០ ​ភាគរយ​ទៀត​ពួកគាត់​ត្រូវ​ធ្វើការ​ទូទាត់​ជា​លក្ខណៈ​រំលស់​ជាមួយ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ការប្រាក់​តិច​ជាង​កន្លែង​ផ្សេង​អាស្រ័យ​ទៅ​តាម​លទ្ធភាព​របស់​ពួកគាត់​។

ដើម្បី​ទាក់ទាញ និង​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន «​យើង​នឹង​ស្វែងរក​ដៃគូ​ណា​មួយ​ដែល​មាន​គំនិត​ស្រដៀង​គ្នា ដោយ​មិន​គិត​ពី​ផលចំណេញ​ច្រើន​ពី​ប្រជាជន​ហើយ​យើង​នឹង​ជ្រើសរើស​យក​តំបន់​ណា​ដែល​មាន​សក្កានុពល​ដើម្បី​សាងសង់​ផ្ទះ​តម្លៃ​ទាប​របៀប​នេះ​បន្ថែម​នៅ​ថ្ងៃ​ខាង​មុខ​»​។


លោក​បាន​ពន្យល់​ថា៖ «​គម្រោង​នេះ​ជា​ផ្នែក​មួយ​របស់​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តីប្រាថ្នា​ជាមួយ​ផ្នែក​ឯកជន ប៉ុន្តែ​យើង​សង្ឃឹម​ថា​ផ្នែក​រដ្ឋាភិបាល​នឹង​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រស់នៅ​ដល់​ប្រជាជន​»​។

«​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​មាន​លំនៅឋាន​រស់នៅ​គ្រប់ៗ​គ្នា​ព្រោះ​ថា​លំនៅឋាន​ជា​រឿង​ចាំបាច់​ក្នុង​ការ​លើក​កម្ពស់​ឲ្យ​មាន​សុខភាព​ល្អ និង​បញ្ចៀស​នូវ​បញ្ហា​មួយ​ចំនួន ដូចជា​ករណី​ចាប់រំលោភ​នៅ​ពេល​ដែល​គ្មាន​លំនៅឋាន​សមរម្យ​ហើយ​វា​ជា​សិទ្ធិ​មួយ​ដែល​ប្រជាជន​ត្រូវ​តែ​ទទួល​បាន​»​។


សហគ្រាស​សង្គម​មួយ​នេះ​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ផ្ទះ​ច្រើន​ដែល​មាន​លក្ខណៈ​មួយ​សមស្រប ឬ​ធូរ​ថ្លៃ​ដោយ​ការ​ចូលរួម​ចំណែក​ពី​ផលិតផល​ឥដ្ឋ និង​ការ​ផ្តល់​នូវ​ប្រាក់កម្ចី​ដែល​មាន​តម្លៃ​ទាប​ក្នុង​រយៈពេល​វែង ស្រប​ពេល​ដែល​មាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ លូ ទឹក ភ្លើង កន្លែង​អប់រំ មន្ទីរពេទ្យ​។​ល​។

លោក​មាន​ប្រសាសន៍​ថា៖ «​ក្នុង​ឆ្នាំ​នេះ​យើង​បាន​សាងសង់​ផ្ទះ​បន្ថែម​ប្រមាណ​ ៥០ ទៅ​ ១០០ ​ខ្នង​ទៀត​នៅ​តំបន់​នេះ ឬ​តំបន់​ក្បែរ​នេះ​។ ផ្ទះ​ចំនួន​ ១០ ​ខ្នង​នេះ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ត្រឹម​តែ​​ ៣ ​ទៅ​ ៤ ​ខែ​តែ​ប៉ុណ្ណោះ​ដែល​មិន​ចំណាយ​ឈ្នួល​កម្លាំង​ពលកម្ម​ច្រើន​នោះ​ទេ​»​។


ដោយ​លើក​ជា​ឧទាហរណ៍​មក​បញ្ជាក់​លោក គង់ងី បាន​អះអាង​ថា៖ «​បើ​តាម​ទំនោរ​របស់​ប្រជាជន​ពួកគាត់​បាន​ចាកចេញ​ពី​ជនបទ​មក​ធ្វើការ​នៅ​ទីក្រុង​ហើយ​បើ​យើង​សាងសង់​លំនៅឋាន​ដែល​ថ្លៃ​ពេក​វា​មិន​ស័ក្តិសម ឬ​ក៏​នៅ​តំបន់​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ពួកគាត់​មិន​ចង់​រស់នៅ​ដែរ​។ អ៊ីចឹង​យើង​បាន​ជ្រើសរើស​តំបន់​ទីប្រជុំ​នេះ​ដែល​ជា​ទីតាំង​មិន​ថ្លៃ​ពេក ក៏​មិន​ធូរ​ថ្លៃ​ពេក​ដែរ​»​។

ក្រៅពី​សំណង់​ផ្ទះ​ទាំង​នេះ​សហគ្រាស​ក៏​បាន​លក់​ឥដ្ឋ​ដើម្បី​ធ្វើ​ផ្ទះ និង​តុបតែង​ហាង​ដូចជា​នៅ ភ្នំពេញ រតនគីរី ព្រះវិហារ និង​ប៉ៃលិន​ជាដើម​។


តាម​ប្រសាសន៍​របស់​អ្នកស្រី អុល លៀន ជា​អ្នក​រស់នៅ​ក្នុង​គម្រោង​ផ្ទះ​តាម​ក្តី​ប្រាថ្នា​បាន​រយៈពេល​ជិត​មួយ​ខែ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​គាត់​បាន​ចាកចេញ​ពី​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​ដើម្បី​មក​រស់នៅ​ទីប្រជុំជន​ជាមួយ​កូន​ជា​កម្មករ​ច្នៃត្បូង​ដែល​បាន​ទិញ​ផ្ទះ​នៅ​ក្នុង​គម្រោង​នេះ​ក្នុង​តម្លៃ​សមរម្យ​មួយ​។

អ្នកស្រី​បាន​បន្ត​ថា៖ «​ការ​រស់នៅ​ទី​នេះ​មាន​ស្ថានភាព​ល្អ​ដោយ​ផ្ទះ​មាន​ទីធ្លា​ធំ​ល្មម​រស់នៅ និង​បរិស្ថាន​ល្អ​នៅ​ជុំវិញ​ផង​ដែរ​»​។

«​ការ​ផ្គត់ផ្គង់​ផ្ទះ​ដែល​មាន​តម្លៃ​ទាប​កាន់តែ​ច្រើន​ប្រជាជន​កាន់តែ​ប្រឹង​បង្កើន​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​អភិវឌ្ឍន៍​មើល​ឃើញ​នូវ​សក្តានុពល​មួយ​នេះ​ដើម្បី​បង្កើត​ផ្ទះ​បែប​នេះ​ឲ្យ​កាន់តែ​ច្រើន​នៅ​ថ្ងៃ​អនាគត​» នេះ​បើ​តាម​សម្តី​របស់​អ្នកស្រី លៀន​។


គួរ​បញ្ជាក់​ថា​ដោយ​សមត្ថភាព​នៃ​ការ​ផលិត​ដុំឥដ្ឋ​បាន​ត្រឹម​តែ​ ១០០ ​ម៉ែត្រការ៉េ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តីប្រាថ្នា​ព្យាយាម​ជ្រើសរើស​ទីតាំង​ថ្មី​ពង្រើក​ផលិតកម្ម​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាជន​ដែល​ត្រូវ​ការ​សាងសង់​ជាមួយ​ឥដ្ឋ​បរិស្ថាន​នេះ​នៅ​តាម​ខេត្ត​សំខាន់ៗ​ដូចជា ខេត្ត​សៀមរាប កំពង់ចាម បាត់ដំបង កំពង់ស្ពឺ ជាដើម​៕