Loading...

មានអ្នកមួយចំនួនតែងតែចោទខ្ញុំថា ខ្ញុំបំផ្លាញវប្បធម៌ខ្មែរ តើខ្ញុំបំផ្លាញត្រង់ណា?

Loading...
នាពេលប៉ុន្មាននាទីនេះក្នុង Facebook របស់ A Dose of Cath បានបញ្ចេញសារមួយហាក់បីដូចគាត់កំពុងតែតូចចិត្តជាខ្លាំងដែលមានប្រិយមិត្តមួយចំនួនចោទគាត់ថា គាត់ជាអ្នកបំផ្លាញវប្បធម៌ខ្មែរ ហើយគាត់ក៏ឆ្ងល់ដែរថាតើគាត់បំផ្លាញត្រង់ចំនុចណាទៅ ព្រោះកន្លងមកគេតែងតែឃើញគាត់បានផលិតនូវវីដេអូអប់រំល្អសម្រាប់ជាការអប់រំ និងដាស់តឿនចំពោះប្រិយមិត្តមួយចំនួនដែលមិនទាន់បានយល់។ ក្នុងនោះដែរគាត់ក៏បានរៀបរាប់យ៉ាងលម្អិតដូចខាងក្រោមនេះ៖


មានអ្នកមួយចំនួនតែងតែចោទខ្ញុំថា ខ្ញុំបំផ្លាញវប្បធម៌ខ្មែរ។ ព្រឹកនេះ ឆ្ងល់ពេក ក៏ទៅឆែកមើលវចនានុក្រមសម្តាចសង្ឃ ជួនណាត ក៏ឃើញថា វប្បធម៌ គឺមានន័យថា៖ «វប្ប​ធម៌ (វ៉ាប់-ប៉ៈ--) ការ​ផ្សាំ​បណ្ដុះ​ចំណេះ​វិជ្ជា​និង​ប្រាជ្ញា​ស្មារតី​ឲ្យ​បាន​លូត​លាស់​ចម្រើន ដោយ​វិទ្យាសាស្រ្ត ឬ​ដោយ​សិល្បៈ​ផ្សេង​ៗ​ជាដើម»។ បើតាមអ្វីដែលខ្ញុំធ្លាប់រៀន វប្បធម៌ក៏មានន័យថា ទំនៀមទម្លាប់ ភាសា ការរស់នៅរបស់មនុស្សមួយក្រុម។


ពេលដល់គេនិយាយថា ខ្ញុំបំផ្លាញវប្បធម៌ខ្មែរ តើវប្បធម៌ខ្មែរមួយណា? ព្រោះវប្បធម៌តែងតែផ្លាស់ប្តូរពីមួយជំនាន់ទៅមួយជំនាន់ ស្របទៅតាមការរស់នៅរបស់មនុស្សនៅជំនាន់នោះ។ វប្បធម៌ខ្មែរពីជំនាន់លីវយី មិនមែនដូចវប្បធម៌ខ្មែរជំនាន់អង្គរទេ។ វប្បធម៌មិនមែនជាដុំថ្មដែលមិនចេះកែប្រែទៅណាទេ។ តែសូម្បីតែដុំថ្មក៏វាប្រែរាងដែរ បើរាប់រយ រាប់ពាន់ឆ្នាំនោះ។

ហើយបើនិយាយពីវប្បធម៌ខ្មែរ យើងមិនមែនមានសិទ្ធិផ្តាច់មុខទេ។ វប្បធម៌ខ្មែរជាល្បាយនៃវប្បធម៌ប្រទេសជិតខាងតាំងពីដើមមកហើយ។ ​មិនមែនសុខៗ ពិភពលោកកើតចេញមក ក៏មានជនជាតិខ្មែរកើតចេញមក ហើយស្ពាយវប្បធម៌ខ្មែរមកម្នាក់មួយៗទេ។ គេយកវប្បធម៌យើង ហើយយើងក៏យកវប្បធម៌គេដែរ។


ក្នុងសម័យនេះ ក៏មិនខុសគ្នាទេ។ គេថា ខ្ញុំបរទេសនិយម។ តើអ្នកណាគេនៅក្នុងប្រទេសខ្មែរយើងដែលមិនទទួលឥទ្ធិពលពីវប្បធម៌បរទេស? តើមានមនុស្សប៉ុន្មាននាក់ដែលនៅសរសេរសំបុត្រ ស្លៀកក្បិន ចូលម្លប់? អ្នកដែលចូលចិត្តឱបក្រសោប «វប្បធម៌ខ្មែរ» នេះ តើរស់នៅដូចកាលពី១០០ ឬ១០០០ឆ្នាំមុនមែនទេ?


ខ្ញុំឆ្ងល់មួយ មានដែលអានសៀវភៅ ឬធ្វើការស្រាវជ្រាវប៉ុន្មានទៅលើវប្បធម៌ខ្មែរនេះហើយ? តួនាទីរបស់វប្បធម៌ គឺបម្រើដល់មនុស្ស ធ្វើឲ្យការរស់នៅរបស់មនុស្សប្រសើរជាងមុន ស្របនឹងចំណេះដឹង និងបច្ចេកវិទ្យា។ ប្រសិនបើចំណុចណាមួយនៃវប្បធម៌ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់មនុស្ស តើនៅតែឱបក្រសោបវាធ្វើអ្វីទៀត?


ខ្ញុំក៏យល់ពីធម្មជាតិមនុស្សដែរ។ សត្វ និងមនុស្ស គឺមិនចូលចិត្តអ្វីដែលថ្មីទេ ព្រោះអ្វីដែលថ្មីនោះ អាចធ្វើឲ្យមានគ្រោះថ្នាក់បាន។ ប៉ុន្តែនេះអាចប្រើបានតែពេលយើងនៅជាមនុស្សព្រៃទេ។ ឥឡូវសតវត្សន៍ទី២១ហើយ ល្មមបើកភ្នែក បើកចិត្ត ទទួលយកអ្វីដែលថ្មីខ្លះហើយ។ បើយើងរស់នៅតែក្នុងអណ្តូង យើងនឹងមិនដឹងថា ពិភពលោកខាងក្រៅស្រស់ស្អាតយ៉ាងណា ហើយគេដើរដល់ណាហើយទេ។