Loading...

កុំខ្ចីលុយពីធនាគារ ព្រោះចំនុចទាំង៥នេះ បើមិនដូចនេះទេអាចនឹងលំបាកទៅថ្ងៃខាងមុខ

Loading...
សេវា​ហិរញ្ញវត្ថុ​ បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម និង​បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​រីក​ចម្រើន​។ ទន្ទឹម​នឹង​នោះ ការ​ខ្ចី​លុយ​ពី​ធនាគារ​មិន​មែន​ចេះ​តែ​ខ្ចី​តាម​តម្រូវ​ការ ដោយ​មិន​បាន​គិត​ឱ្យ​ល្អិត​ល្អន់​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​បណ្ឌិត ឆាយ ស្រីមុំ បង្រៀននៅសាកលវិទ្យាល័យឯកជនមួយ ពី​ប្រភេទ​កម្ចី​មួយ​ចំនួន​ពី​ធនាគារ​ត្រូវ​គិត​ឱ្យ​ច្បាស់ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ៖


១. ​លុយ​ខ្ចី​ទិញ​ទ្រព្យ​សម្បត្តិ

សាស្ត្រាចារ្យ​បណ្ឌិត ឆាយ ស្រមុំ ​បាន​លើក​ឡើង​ថា លុយ​ខ្ចី​ទ្រព្យ​សម្បត្តិ​ដូចជា​ឡាន ម៉ូតូ និង​សម្ភារៈ​និយម​ផ្សេងៗ​ទៀត ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ខ្ចី​ធនាគារ។ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ដែល​ពិចារណា​មិន​បាន​វែង​ឆ្ងាយ​នឹក​ឃើញ​ចង់​បាន​អ្វី​ខ្ចី​លុយ​ពី​ធនាគារ​ភ្លាម​ ដោយ​មិន​បាន​វិភាគ​មើល​ឱ្យ​បាន​ច្បាស់​ពី​កម្រិត​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ឬ​មធ្យោបាយ​ទូទាត់​សង​នោះ​ទេ។ ការ​ខ្ចី​លុយ​ទិញ​ទ្រព្យ​សម្បត្តិ មិន​បាន​ធ្វើ​ឱ្យ​លុយ​មាន​លំហូរ​នោះ​ទេ គឺ​កប់​ក្នុង​ទ្រព្យ​នោះ។ ដូច្នេះ​បើ​មិន​ទាន់​មាន​លទ្ធភាព​សង​ត្រឡប់ ដោយ​មិន​ប៉ះពាល់​ដល់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ គួរ​ជៀសវាង​ត្រង់​ចំណុច​នេះ។


២. ​លុយ​ខ្ចី​ធ្វើ​ផ្ទះ

លុយ​ខ្ចី ដើម្បី​សង់​ផ្ទះ​ក៏​មាន​នាំ​ឱ្យ​មាន​ផល​លំបាក​ដល់​គ្រួសារ​ទៅ​ថ្ងៃ​មុខ​ដូច​គ្នា។ សាស្ត្រាចារ្យ​សេដ្ឋកិច្ច​រូប​នេះ ប្រាប់​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មាន​មួយ​ចំនួន​ តែង​ជ្រើសរើស​ខ្ចី​លុយ​ពី​ធនាគារ​​សង់​ផ្ទះ​ ដោយ​អាង​មុខ​របរ​ស្រែ​ចម្ការ ឬ​កូន​ធ្វើ​ការ​រោង​ចក្រ ក្នុង​ការ​ទូទាត់​សង​ធនាគារ។ នេះ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ មិន​ខុស​អី​ពី​ខ្ចី​លុយ​ទិញ​ទ្រព្យ​សម្បត្តិ​ឡើយ គឺ​លុយ​ត្រូវ​កប់​ចោល​គ្មាន​ចលនា ចំណែក​ប្រាក់​ចំណូល​ដែល​រក​បាន​មិន​ថេរ មិន​មាន​បង្គោល​គ្រួសារ​ធានា​រ៉ាប់រង។ ដូច្នេះ​ចំណុច​នេះ​ត្រូវ​ពិចារណា​ឱ្យ​វែង​ឆ្ងាយ ព្រោះ​អាច​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​មាន​បញ្ហា។


៣. ​លុយ​ខ្ចី​ដើម្បី​យក​ចង​ការ​ប្រាក់

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចូលចិត្ត រកស៊ី​ចង​ការ​ប្រាក់​នៅ​តាម​ភូមិ​ស្រុក ដោយ​ខ្ចី​លុយ​ពី​ធនាគារ។ ការ​ខ្ចី​លុយ​ ដើម្បី​រកស៊ី​មុខ​របរ​នេះ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត ដោយសារ​ការ​ចង​ការ​ប្រាក់​នោះ ពុំ​មាន​លិខិត​លាយ​លក្ខ​អក្សរ​ច្បាស់​លាស់ គ្មាន​អាជ្ញាធរ​ដឹង​ឭ។ ដូច្នេះ​ហើយ មិន​អាច​ធានា ១០០% ថា​គេ​នឹង​សង​ត្រឡប់​នោះ​ទេ ហើយ​នៅ​ពេល​មាន​បញ្ហា​ក៏​ពិបាក​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដែរ។ 


៤. ខ្ចី​លុយ​បន្ទាន់​ភ្លាមៗ

កម្ចី​ប្រភេទ​នេះ ភាគ​ច្រើន​តែង​បង្ក​ផល​លំបាក​ទៅ​ថ្ងៃ​ក្រោយ​ដូច​គ្នា គឺ​ខ្ចី​លុយ​ពី​ធនាគារ ដោយសារ​មាន​ការ​ចាំបាច់​បន្ទាន់​ដូចជា រៀបការ​ឱ្យ​កូន យក​ទៅ​ទិញ​ដី ជា​ដើម។ ការ​ខ្ចី​បន្ទាន់​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ មើល​ឃើញ​តែ​អ្វី​កំពុង​កើត​ឡើង​ចំពោះ​មុខ​គឺ​នាំ​មាន​ផល​លំបាក​ខ្លាំង ពោល​គឺ ការ​រក​លុយ​សង​ត្រឡប់​នេះ​ហើយ។


៥. ខ្ចី​លុយ​ទូទាត់​បំណុល​ចាស់

កម្ចី​ប្រភេទ​នេះ​កម្រ​មាន តែ​នៅ​តែ​អាច​កើត​ឡើង​នៅ​ពេល​មនុស្ស​មួយ​ចំនួន ដើរ​ដល់​ផ្លូវ​ទាល់​។ កម្ចី​នេះ​នឹង​ធ្វើ​ឱ្យ​បំណុល​កាន់​តែ​កើន​ឡើង​ទ្វេរដង រហូត​អាច​ឈាន​ដល់​ការ​ដាក់​ប្លង់​ផ្ទះ​បញ្ចាំ ឬ​លក់​ផ្ទះ​ដើម្បី​សង​បំណុល​ទៀត​ផង។ ដូច្នេះ​ហើយ​មិន​គួរ​យក​ជម្រើស​នេះ​ដាច់​ខាត ព្រោះ​នឹង​នាំ​កាន់​តែ​មាន​សំពាធ​កាន់​តែ​ខ្លាំង​ឡើង៕


ប្រភព៖ Sabay