Loading...

Update: ម្តាយស្រែកយំអង្វរឲ្យជួយស៊ែរដើម្បីស្វែងរកកូនរបស់ខ្លួនបានបាត់ ដោយកូនតូចនេះទើបអាយុ៣ឆ្នាំទេ ពេលនេះរកឃើញវិញហើយ

Loading...
(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីបាត់ក្មេងមួយបានកើតឡើង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញ ផ្សារក្រចេះ ទីរួមខេត្តក្រចេះ បន្ទាប់ពីមានស្រ្ដីម្នាក់បានស្រែទ្រហោយំ ក្រោយបាត់កូនស្រីរបស់ខ្លួន អាយុទើបតែ៣ឆ្នាំ ខណៈបានដើរ ចូលផ្សារ ហើយឲ្យកូនស្រីនៅចាំម៉ូតូនៅខាងក្រៅផ្សារតែម្នាក់ឯង។


ស្រ្ដីជាម្តាយខាងលើនេះមានឈ្មោះ ស៊ីន សូនីតា អាយុ៤៨ឆ្នាំនិងកូនស្រីដែល បានបាត់ មានឈ្មោះ អ៊ិន ព្រហ្មដាលីស អាយុ៣ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

តាមការរៀបរាប់របស់ស្រ្ដីរូបនោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានឌុបកូនស្រីមកផ្សារដើម្បីទិញម្ហូប ហើយក៏ឲ្យកូនស្រីអង្គុយចាំ ម៉ូតូតែម្នាក់ឯង នៅឯខាងក្រៅផ្សារ បន្ទាប់គាត់ក៏បានចូលផ្សារបានតែមួយភ្លែត ក៏ស្រាប់តែចេញពីផ្សារវិញ មិនបានឃើញកូនស្រី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកទ្រហោយំ ផ្អើលពេញផ្សារតែម្ដង។


បើតាមសាក្សីនៅជិតកន្លែងកើតហេតុ បាននិយាយថា គេបានឃើញស្រ្ដីម្នាក់ បាននាំក្មេងស្រីនោះនាំទៅជាមួយ ដោយគេមិនបានចាប់ អារម្មណ៍ថា ស្រ្ដីរូបនេះ មិនមែនជាម្ដាយរបស់ក្មេងនោះទេ។


ជុំវិញនិងករណីខាងលើ សមត្ថកិច្ចកំពុងសួរនាំស្រ្ដីជាម្ដាយក្មេងស្រី នៅឯអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីធ្វើការស្រាវជ្រាវចំពោះ ករណីនេះ ព្រមទាំងធ្វើការឆែកនៅតាមកាមេរ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុផងដែរ៕


ព័ត៌មានបន្ត៖ ក្មេងស្រីអាយុ៣ឆ្នាំ ដែលម្តាយស្រែកយំថា បាត់នៅក្នុងផ្សារក្រចេះនោះ នៅពេលនេះ ម៉ោងប្រមាណ ១១៖២០នាទី ព្រឹកថ្ងៃទី២៧ កក្កដា នេះ បានរកឃើញវិញហើយ ដោយសារនាងរង្វេងចូលទៅតូបលក់ដូររបស់គេ នៅក្នុងផ្សារ!