Loading...

បែកធ្លាយ​វីដេអូរបស់ប្អូន គីមហុង ដែលចេះអាន​អក្សរ​តាំងពីនៅ​អាយុ ២​ឆ្នាំ​ទាំង​មិន​ធ្លាប់បាន​រៀនទាល់តែសោះ

Loading...
"កូន​ខ្ញុំ​ចេះ​អាន​អក្សរ​តាំង​ពី​អាយុ​បាន​ ២៤​ខែ យាយ​ទៅ​២​ខួប​ជាង​ ពេល​ដែល​ខ្ញុំ​យក​ទៅ​សាលា​ជាមួយ​ កូន​នេះ​អាច​អាន​អក្សរ​នៅ​ក្នុង​ថ្នាក់ អាន​ឈ្មោះ​លោក​គ្រូ​អ្នក​គ្រូ​ និង​ចេះ​អាន​ភាសា​អង់គ្លេស​ហើយ​ទៅ​បង្រៀន​គេ​ក្នុង​សាលា​ទៀត​ផង ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ស្ទើរ​តែ​មិន​ជឿ​ដែរ។" នេះ​សម្ដី​ពិត​របស់​អ្នក​ស្រី នៅ សុភួង ​ជា​ម្ដាយ​កុមារា ហ៊ឺទៀង​ គីមហុង ឆ្លើយ​ឆ្លង​ជាមួយ​ Sabay មុន​នេះ។


អ្នក​ស្រី នៅ សុភួង ជា​គ្រូ​បង្រៀន​នៅ​សាលា​គរុកោសល្យ​ខេត្ត​តាកែវ ​បាន​រៀបរាប់​នៅ​រឿង​រ៉ាវ​ដ៏​អច្ឆរិយ​នេះ​ទៀត​ថា មុន​ពេល​ចាប់​កំណើត​បាន​កូន​នេះ​មក អ្នក​ស្រី​ពុំ​មាន​យល់សប្ដិ ឬ​មាន​អព្ភូតហេតុ​អ្វី​ចម្លែក​អ្វី​នោះ​ទេ គ្រាន់​តែ​ប្លែក​ត្រង់​ថា ចាប់​ពី​កូន​ចាប់​កំណើត​អ្នក​ស្រី​តែង​ឃ្លាន​ទឹក​ដូង​ពិសា​រហូត​សម្រាល​​រួច​ទើប​ឈប់​ឃ្លាន។ អ្នក​ស្រី​បន្ត​ទៀត​ថា ដោយសារ​ស្វាមី​ជា​អ្នក​ធ្វើ​ការ មិន​មាន​អ្នក​ណា​មាន​ពេល​មើល​កូន​នោះ​ទេ ទើប​ត្រូវ​យក​កូន​ទៅ​សាលា​ជា​ប្រចាំ ហើយ​នៅ​តាម​ផ្លូវ​កូន​អ្នក​ស្រី​តែង​អាន​ពាក្យ​ស្លោក ឬ​រើស​ក្រដាស​ផ្សេង​ៗ​យក​មក​អាន​ជានិច្ច ទាំង​អ្នក​ស្រី​និង​ស្វាមី​ពុំ​ដែល​បង្រៀន​ទាល់​តែ​សោះ។


​​​​ម្ដាយ​កុមារា​មាន​សមត្ថភាព​ពិសេស​រូប​នេះ បន្ត​ទៀត​ថា រាល់​ពេល​យក ​គីមហុង​ទៅ​សាលា ​គេ​តែង​ទៅ​បង្រៀន​ភាសា​អង់គ្លេស​ដល់​កូន​សិស្ស​អ្នកស្រី និង​មនុស្ស​ជា​ច្រើន​ទៀត ហើយ​គ្មាន​នរណា​ម្នាក់​ជឿ​ថា គីមហុង អាច​និយាយ​ភាសា​អង់គ្លេស និង​អាន​អក្សរ​ដោយ​គ្មាន​បង្រៀន​នោះ​ទេ។ អ្នក​ស្រី នៅ សុភួង ប្រាប់​ទៀត​ថា មិន​ដឹង​ថា​ប្រាប់​យ៉ាង​ម៉េច​ឱ្យ​គេ​ជឿ​នោះ​ទេ មាន​តែ​អ្នក​ស្រី និង​ស្វាមី​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​​ថា ពិត​ជា​ការ​ពិត​មែន​ ហើយ​ក៏​ពិបាក​ឱ្យ​គេ​ជឿ​​ដែរ ព្រោះ​នេះ​ជា​រឿង​អច្ឆរិយ​បំផុត។


បន្ថែម​លើ​ពី​នេះ​ទៀត​ លោក ហ៊ឺ ចាន់​ជួង ជា​ឪពុក​របស់​កុមារា ហ៊ឺ​ទៀង​ គីមហុង ប្រាប់​មក​កាន់​ Sabay ទៀត​ថា នៅ​ពេល​ គីមហុង ​អាយុ​ជិត​ ៣​ខួប​មាន​ជំងឺ​ត្រូវ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា គីមហុង​អាច​អាន​ឈ្មោះ​គ្រូ​ពេទ្យ​នៅ​ជាប់​នឹង​ហោប៉ៅ​អាវ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ គឺ ​គីមហុង អាច​អាន​វិក្កយបត្រ​អក្សរ​ក្រវេមក្រវាម​របស់​ពេទ្យ​ទៀត​ផង។ ឪពុក​របស់​កុមារ​រូប​នេះ​និយាយ​ទៀត​ថា ពេល​នោះ​គ្រូពេទ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា ក្មេង​និយាយ​មិន​ទាន់​ច្បាស់​ផង​អាច​មើល​អក្សរ​ពេទ្យ​ដាច់។​​​​


លោក ហ៊ឺ ចាន់​ជួង​ ជា​បុគ្គលិក​ក្នុង​ធនាគារ​មួយ​រៀបរាប់​បន្ថែម​ថា ក្រោយ​កូន​ងើប​ពី​ឈឺ​វិញ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ឡើង ដោយ​អាច​ធ្វើ​លំហាត់​ថ្នាក់​ទី​៩ ចេះ​ប្រើ​កុំព្យូទ័រ​ និង​អាន​អក្សរ​​ខ្មែរ អង់គ្លេស​គ្មាន​ទាក់។ ​មិន​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​លោក និង​ភរិយា​បាន​យក​សារ​លិខិត​ថ្វាយ​ព្រះ​ពរ​ព្រះ​មហាក្សត្រ និង​លិខិត​ជូន​ពរ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ឱ្យ​អាន​តែ​ គីមហុង​ នៅ​តែ​អាច​អាន​បាន​ដោយ​គ្មាន​បញ្ហា។


ហេតុអ្វី​បាន​ជា​គីមហុង​ អាយុ ៧​ឆ្នាំ​រៀន​ថ្នាក់​ទី​៦? អ្នកស្រី​ នៅ សុភួង ប្រាប់​ថា​ពេល គីមហុង អាយុ​ ៤​ឆ្នាំ ​គីមហុង​​ ទារ​ចូល​រៀន​ថ្នាក់​ទី៣ ​​តែ​ម្ដង​នៅ​សាលា​បឋម​សិក្សា ហ៊ុន​ សែន អនុវត្ត​ ហើយបាន​ជា​អាយុ ៧ឆ្នាំ​រៀន​ថ្នាក់​ទី ៦។ ម្ដាយ​កុមារា​រូប​នេះ បន្ថែម​ទៀត​ថា គីមហុង​ជា​ក្មេង​ល្អ មាន​អត្ត​ចរិត​ស្លូត​បូត មិន​ចេះ​ធ្វើ​ទុក្ខ​ឱ្យ​លំបាក​នោះ​ទេ តែ​ជា​ក្មេង​ដែល​វាងវៃ ឆាប់​យល់​ការ ចេះ​គិត​ពិចារណា​វែង​ឆ្ងាយ​ដូច​មនុស្ស​ចាស់​អ៊ីចឹង។


គួរ​ឱ្យ​ដឹង​ដែរ​ថា កុមារា​ ហ៊ឺទៀង គីមហុង កំពុង​ល្បីល្បាញ​ខ្លាំង​ត្រូវ​បាន​ សម្ដេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​ផ្ទាល់​ដើម្បី​សាកល្បង​សមត្ថភាព​​របស់​កុមារ​រូប​នេះ​។ សម្ដេច​តេជោ បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​លើ​សមត្ថភាព​ពិសេស​​មិន​ធ្លាប់​មាន ហើយ​បាន​ធានា​រ៉ាប់រង​លើ​ការសិក្សា និង​ស្នើ​អាហារូបករណ៍​១០០%​ពី​សាលា​អន្តរជាតិ​ប៊ែល​ធី​ទៀត​ផង​។ យ៉ាង​ណា​ក្ដី កុមារា​ខាង​លើ​ និង​គ្រួសារ​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​ទេ៕





ប្រភព៖ http://news.sabay.com.kh