Loading...

កូនប្រុសនាំម្តាយមកពិសាអាហារឆ្ងាញ់បានម្តង តែមួយសប្តាហ៍ក្រោយគាត់ក៏លាចាកលោកទៅបាត់ ដោយបន្សល់វិក្កយបត្រមួយឱ្យកូនប្រុសដែលមានអត្ថន័យថា...

Loading...
នាពេល​មួយ​មាន​បុរស​ម្នាក់​រស់នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​មាន​សេចក្ដីសុខ​រយៈពេល ២១ ឆ្នាំ​ហើយ​នៅ​ថ្ងៃមួយ​ប្រពន្ធ​របស់គាត់​រក​នឹកឃើញ​នូវ​សំណើ​ដ៏​ចម្លែក​មួយ​។​  ​ប្រពន្ធ​របស់គាត់​បាន​និយាយថា “​អូន​ស្រឡាញ់​បង ប៉ុន្តែ​អូន​ដឹងថា ស្ត្រី​ម្នាក់​នោះ​ក៏​ស្រឡាញ់​បង​ដែរ ហើយ​ចង់​ចំណាយ​ពេលខ្លះ​ជាមួយ​បង​”​។​


​ ​គាត់​ដឹងថា​ភរិយា​ចង់​និយាយ​សំដៅទៅ​ម៉ាក់​របស់គាត់​។​

​​នៅ​យប់នោះ​គាត់​បាន​ទូរស័ព្ទ​ទៅ​ម៉ាក់​គាត់​ដើម្បី​អញ្ជើញ​គាត់​ពិសា​អាហារ​ពេ​ល្ងាច​និង​ប្រហែលជា​មើល​កុន​ជាមួយគ្នា​ម្ដង​។ នៅពេលនោះ​ម្ដាយ​របស់គាត់​បាន​តប​វិញ​ថា “​តើ​អ្វីៗ​មិន​អី​ទេ​កូនប្រុស​ម៉ាក់​?” គាត់​បាន​ប្រាប់​ម៉ាក់​វិញ​ថា “​វា​ច្បាស់​ជា​ល្អ​ណាស់​ប្រសិន​បាន​ចំណាយពេល​ជាមួយ​ម៉ាក់​តែ​ម្នាក់​គត់​”​។ ម៉ាក់​បាន​ស្ងាត់​មាត់​មួយសន្ទុះ និង​បាន​តប​វិញ​ថា “​មានអី​ល្អ​តើ​”​។​


​នៅ​ថ្ងៃ​ណាត់ជួប​គ្នា ម៉ាក់​បាន​រង់ចាំ​នៅ​មាត់ទ្វារ​ហើយ​គាត់​បាន​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ដែល​ដូចជា​កូនក្រមុំ​ថ្មីថ្មោង​អ៊ីចឹង​។ នៅតាម​ផ្លូវ​ម៉ាក់​បាន​និយាយថា “​ម៉ាក់​បាន​ប្រាប់​មិត្តភក្ដិ​ថា ម៉ាក់​ទៅ​ក្រៅ​ជាមួយ​កូនប្រុស​ម្ដង​។ ពួកគេ​ពិតជា​ចង់ដឹង​ពី​ការ​ណាត់ជួប​របស់​យើង​ណាស់​”​។​

​ ​អ្នក​ទាំង​ពីរបាន​ដើរចូល​ភោជនីយដ្ឋាន​ដ៏​រ៉ូ​មែន​ទិ​កមួយ​ខណៈ​កាន់​ដៃ​គ្នា​ដូច​គូសង្សារ​។​


​​ខណៈ​កូនប្រុស​កំពុង​មើល​មី​នុយ ម្ដាយ​ញញឹម​រួច​និយាយថា “​ម៉ាក់​ធ្លាប់​មើល​មី​នុយ​បែបនេះ​នៅពេល​កូន​នៅ​តូចៗ​”​។ កូនប្រុស​បាន​តប​វិញ​ថា “​ម៉ាក់​! ឥឡូវ​ដល់ពេល​កូន​ត្រូវឱ្យ​ម៉ាក់​សម្រាក​ម្ដង​ហើយ​ទុក​ភារកិច្ច​ដល់​កូន​”​។​

​ ​អ្នក​ទាំងពីរ​បាន​និយាយ​គ្នា​យ៉ាងយូរ​នៅ​អាហារ​ពេល​ល្ងាច​រហូតដល់​តែ​ភ្លេច​ទៅ​មើល​កុន​។

​ខណៈ​ជូន​ម្ដា​យមក​ផ្ទះ​គាត់​វិញ ម្ដាយ​បាន​និយាយថា “​ម៉ាក់​នឹង​ចេញ​ក្រៅ​ជាមួយ​កូន​ម្ដងទៀត ប៉ុន្តែ​ទាល់តែ​កូន​ឱ្យ​ម៉ាក់​អញ្ជើញ​វិញ​ម្ដង​”​។ គាត់​ក៏បាន​យល់ព្រម​។​


​នៅពេល​ទៅដល់​ផ្ទះ​វិញ​ប្រពន្ធ​បាន​សួរ​ប្ដី​ថា “​តើ​អាហារ​ពេល​ល្ងាចរ​បស់បង​ដំណើរការ​រលូន​អត់​?” ប្ដី​បាន​តប​វិញ​ថា “​រលូន​ណាស់​! រលូន​ជាង​បង​រំពឹងទុក​ទៅទៀត​”​។​

​ ​គួរឱ្យ​សោកស្ដាយ​នា​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ម្ដាយ​របស់គាត់​បានទទួល​មរណភាព​ដោយសារ​គាំងបេះដូង​។​

​​ប៉ុន្មាន​សប្ដាហ៍​ក្រោយមក​គាត់​បានទទួល​សំបុត្រ​មួយ​ជាមួយ​វិក្កយបត្រ​ភោជនីយដ្ឋាន​ដែល​គាត់​បាន​ទៅជា​មួយ​ម្ដាយ​។​


​​លិខិត​នោះ​មាន​ខ្លឹមសារ​បែបនេះ​ថា “​ម៉ាក់​បាន​បង់ថ្លៃ​វិក្កយបត្រ​នេះ​ទុកជាមុន​។ ម៉ាក់​មិន​ប្រាកដថា​ម៉ាក់​អាច​ទៅ​ទីនោះ​បានឡើយ ដូច្នេះ​វិក្កយបត្រ​នេះ​គឺ​សម្រាប់​កូន​និង​ប្រពន្ធ​កូន​។ កូន​មិនដឹងថា​យប់នោះ​ពិតជា​ពិសេស​យ៉ាងណា​ចំពោះ​ម៉ាក់​។ ម៉ាក់​ស្រឡាញ់​កូន​”​។​

​​នៅពេលនោះ​គាត់​បានដឹង​នូវ​សារៈសំខាន់​នៃ​ការនិយាយ​ពាក្យ “​កូន​ស្រឡាញ់​ម៉ាក់​” នៅក្នុង​ពេលដែល​មនុស្ស​ដែល​គាត់​ស្រឡាញ់​គួរ​ទទួលបាន​។ គាត់​បានដឹងថា គ្មានអ្វី​ក្នុង​ជីវិត​ដែល​សំខាន់​ជាង​គ្រួសារ​នោះទេ​។​

​ ​*** ផ្តល់​ពេលវេលា​ជូន​អ្នកមានគុណ គាត់​សម​នឹង​ទទួលបាន​វាពី​កូនៗ ព្រោះ​ពេលវេលា​មិនចេះ​រង់ចាំ​មនុស្ស​ទេ ចូរ​កុំឱ្យ​អ្វីៗ​ហួសពេល​។ ធ្វើបុណ្យ​ទាន់​ខែភ្លឺ ៕

ប្រភព៖ http://news.khmeread.com