Loading...

មុន​សម្រេច​ចិត្ត​ទិញផ្ទះ​​ត្រូវ​មើល​ ៥ ចំណុច​នេះ ហើយក៏អាចជៀសវាងក្នុងការទិញប៉ះចំគេបោកដែរ

Loading...
នាពេលថ្មីៗនេះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោកនាយកសាខា ធានាគារភ្នំពេញពាណិជ្ជ (PPCB) បានទៅជូនដំណឹងដល់ប្រជាពលរដ្ឋទាំង១៩គ្រួសារ ថាសំណង់ផ្ទះល្វែងវេងឡុងទាំងមូល នឹងត្រូវធនាគារ ភ្នំពេញ ពាណិជ្ជ ប្រកាសដាក់លក់ ឡាយឡុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្នុងពេលដ៏ខ្លីខាងមុខ ដែលគួរឱ្យភ្ញាក់ផ្អើល ដោយសារប្លង់ដី រួមនៃសំណង់ផ្ទះល្វែងនេះទាំងមូលត្រូវបាន ម្ចាស់សំណង់យកទៅដាក់បញ្ចាំនៅធនាគារភ្នំពេញពាណិជ្ជ។


ដូច្នេះ ដើម្បី​ជា​ប្រទីប​បង្ហាញ​ផ្លូវ​ លោក ច្រឹក សុកនីម អគ្គនាយក​ក្រុម​ហ៊ុន​ Century 21 Mekong ជា​ក្រុម​ហ៊ុន​ធ្វើ​ការងារ​ជំនាញ​ខាង​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា បាន​បង្ហើប​គន្លឹះ​៥ ចំណុច ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៅ​ក្នុង​ការ​ពិចារណា​នៅ​ពេល​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ។


សូម​អាន​គន្លឹះ​ទាំង​ ៥ នៅ​ខាង​ក្រោម​នេះ៖

ទី១. តើ​អ្នក​ចង់​ទិញ​ផ្ទះ​ប្រភេទ​ណា?៖ សំណួរ​នេះ​ត្រូវ​តែ​ចាប់​ផ្ដើម​ដំបូង​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ចង់​ទិញ​ផ្ទះ​ប្រភេទ​ណា? ជា​ផ្ទះ​ល្វែង​ ខុនដូ ឬ ទិញ​ដើម្បី​ចំណេញ​ឬ​គ្រាន់តែ​ទិញ​ដើម្បី​នៅ?

ទី២. ធនធាន​ហិរញ្ញ​វត្ថុ៖ អ្នក​ត្រូវ​ដឹង​ជា​ចាំ​បាច់​តើ​អ្នក​មាន​លុយ​ប៉ុន្មាន​ ហើយ​ការ​គិតគូរ​​អំពី​ធនធាន​ហិរញ្ញវត្ថុ​នេះ គេ​បែង​ចែក​ជា​បី​ទៀត គឺ លុយ​ផ្ទាល់​ខ្លួន, លុយ​ខ្ចី​ពី​មីក្រូ​ហិរញ្ញវត្ថុ និង លុយ​ខ្ចី​ពី​មិត្តភ័ក្ដិ គ្រួសារ​ ជាដើម។ ការ​ដឹង​អំពី​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​នេះ​សំខាន់​​ដើម្បី​ដឹង​ពី​លទ្ធភាព​ទៅ​ទិញ​ផ្ទះ​ប្រភេទ​ណា​មួយ ឬ លទ្ធភាព​បង់​រំលស់។


ទី៣. ប្រព័ន្ធ​ច្បាប់៖ នៅ​មុន​អ្នក​ទិញ​ផ្ទះ​ល្វែង​អ្នក​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ប្រវត្តិ​ផ្ទះ។ ដូច្នេះ អ្នក​ត្រូវ​តែ​សួរ​រក​ឯកសារ​ពាក់ព័ន្ធ​នានា​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ ដូចជា តើ​ផ្ទះ​នេះ​សាងសង់​មាន​ច្បាប់​សាងសង់​ដែរ​ទេ? ប្លង់​អចលនទ្រព្យ (ប្លង់​ទន់ ឬ រឹង) តើ​មាន​កម្រិត​ប្លង់​ណា? តើ​ប្រវត្តិ​ម្ចាស់​ផ្ទះ​នេះ​មាន​ធ្លាប់​ខ្ចី​បំណុល​គេ​ដែរ​ឬ​ទេ?។ ការ​ស្វែង​រក​ព័ត៌មាន​ទាំង​នេះ សំខាន់​ដើម្បី​កុំ​ឲ្យ​មាន​ភាព​រកាំរកូស​ទៅ​ថ្ងៃ​ក្រោយ។


ទី៤. ចំណូល​ពី​ការ​វិនិយោគ៖ អ្នក​ក៏​ត្រូវ​សិក្សា​អំពី​បំណង​ខ្លួន​ឯង​ដែរ​ថា តើ​អ្នក​ចង់​ទិញ​ផ្ទះ​ដើម្បី​ចំណេញ​ឬ​ដើម្បី​គ្រាន់​តែ​នៅ? ចំណុច​នេះ​អ្នក​ត្រូវ​ដឹង​ថា ប្រសិន​បើ​អ្នក​​ទិញ​ផ្ទះ​ល្វែង​គឺ បច្ចុប្បន្ន​​គឺ​អាច​ចំណេញ​នៅ​ពេល​ខាង​មុខ ឯ​ខុន​ដូ​ គឺ​បច្ចុប្បន្ន​តម្លៃ​សមរម្យ​ ប៉ុន្ដែ បើ​គិត​ពី​ផល​ចំណុច​គឺ​មិន​សូវ​ចំណេញ​ទេ សម្រាប់​សង្គម​បច្ចុប្បន្ន ព្រោះ​ប្រជាជន​ខ្មែរ​នៅ​ឲ្យ​តម្លៃ​ផ្ទះ​ខុនដូ ទាប​នៅ​ឡើយ។


ទី៥. ប្រឹក្សា​យោបល់៖ ប្រសិន​បើ​ប្រិយមិត្ត​នៅ​​​ទីទើ​រឿង​សម្រេច​ចិត្ត​ទិញ​ផ្ទះ គួរ​តែ​ទៅ​រក​កន្លែង​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ​ទិញ​លក់​​អចលនទ្រព្យ​ ក៏​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ ដើម្បី​បង្កើន​ភាព​ទុក​ចិត្ត និង កក់​ក្ដៅ ក្រោយ​ពី​ទិញ​ផ្ទះ​ហើយ៕