Loading...

តើជប៉ុនទិញអគារ​ប៊ូ​ឌីញ ក្នុងតម្លៃ​លើ​ទីផ្សារ​ ១​ម៉ែត្រការ៉េ ១៤០០​ដុល្លារ​ យកទៅធ្វើអ្វី?

Loading...
មានប្រជាពលរដ្ឋប្រហែលជា ៨០​គ្រូ​សារ ដែលកំពុងរស់នៅ​អគារ «​ស​» ឬ​ហៅថា អគារ​ប៊ូ​ឌី​ញ​ចាប់ផ្ដើម​រើចេញ​ពី​អគារ​ចំណាស់​ដែល​ពួកគេ​ធ្លាប់​រស់នៅ បន្ទាប់ពី​យល់ព្រម​លក់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​។ ទោះជា​ប្រជាពលរដ្ឋ​ភាគច្រើន​សម្រេច​លក់ និង​រើចេញ​ក៏ដោយ ក៏​នៅមាន​គ្រួសារ​ខ្លះ មិនទាន់​យល់ព្រម​ចាកចេញ និង​បន្ត​ទាមទារ​តម្លៃ​ខ្ពស់ជាង​ការផ្ដល់​ឲ្យ​។​


​ក្រសួង​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម និង​សំណង់ បានប្រកាស​ពីថ្ងៃ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ង ចាប់ផ្ដើម​រើចេញ​ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា រហូតដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧​។ ពលរដ្ឋ​ដែល​សម្រេច​រើចេញ បាន​ព្រមព្រៀង​លក់​អគារ​របស់​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Arakawa ក្នុងតម្លៃ​១,៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដោយមាន​ការសម្របសម្រួល​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​


​ប្រជាជន​ដែល​ស្នាក់នៅ​អគារ​បូ​ឌិ​ញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាក​ចេញពី​ទីលំនៅ​ចាស់​របស់ខ្លួន​ទៅ​តាំងទី​លំនៅ​ថ្មី ក្រោយ​ការចចារ​ជាមួយ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​បរទេស នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០១៦​។​

​យោង​របាយការណ៍​ដែល​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គិត​ត្រឹម​ថ្ងៃទី​១៩ ខែឧសភា ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ បាន​ចុះ​កិច្ចសន្យាលក់​ទិញ​បន្ទប់​ស្នាក់នៅ​ចំនួន ៣៩៨ បន្ទប់ ស្មើនឹង ៨១ % នៃ​ចំនួន​សរុប​៤៩៣​បន្ទប់​។


​យ៉ាងណាមិញ គម្រោងការ​កែលម្អ​អាគារ​ដ៏​ចំណាស់​មួយ​នេះ​ឡើងវិញ កាលពី​អំឡុង​២០១៥ ធ្លាប់មាន​ភាពចម្រូងចម្រាស់​រវាង​អាជ្ញាធរ ជាមួយ​ពលរដ្ឋ​នៅ​ទីនោះ ព្រោះ​ពួកគេ​ហាក់​មិន​ទុកចិត្ត​ពី​ផែនការ​របស់​រដ្ឋាភិបាល​ឡើយ​។​

​ដល់​ក្រោយមក ពោលគឺ​នៅក្នុង​ឆ្នាំ​២០១៧​នេះ ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ ស បានសម្រេច​ចិត្ត​ទទួលយក​សំណង​ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​លំនៅដ្ឋាន​របស់ខ្លួន បន្ទាប់ពី​បាន​ជួបប្រជុំ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​មួយ ក្រោម​កិច្ចសម្របសម្រួល​របស់​ក្រសួង​រៀបចំ​ដែនដី អស់​ជាច្រើនលើក​ច្រើនសារ​។ ក្រុមហ៊ុន​ជប៉ុន​ARAKAWA បានដាក់​តម្លៃ​ទិញ​បន្ទប់​ពី​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ហាងឆេង​ទីផ្សារ ក្នុង​១​ម៉ែត្រការ៉េ ១,៤០០​ដុល្លារ​អាមេរិក​។ មកដល់ពេលនេះ មាន​ពលរដ្ឋ​ជាង​៩០​ភាគរយ​ហើយ បាន​យល់ព្រម​ចុះកិច្ចសន្យា​លក់​បន្ទប់​ស្នាក់នៅ​របស់ខ្លួន ហើយ​ចាប់ផ្តើម​រើ​អីវ៉ាន់​ចាកចេញ​ជា​បណ្តើរៗ​ហើយ ដោយ​មិន​តវ៉ា​អ្វី​នោះទេ​។​


​សូមបញ្ជាក់ថា សំណង់​អគារ​ដែលមាន​អាយុកាល​ដ៏​ច្រើន​មួយ​នេះ គ្រោង​នឹងត្រូវ​វាយចោល​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នៅពេលដែល​អ្នករស់នៅ​ទីនោះ រុះរើ​លំនៅដ្ឋាន​របស់​អស់​ដែល​ក្រសួង​ដែនដី​បាន​ទុកពេល​ឲ្យ​១​ខែ គឺ​ចាប់ពី​ថ្ងៃទី​០៦ ខែមិថុនា រហូតដល់​ថ្ងៃទី​០៦ ខែកក្កដា​។ ក្រុមហ៊ុន​ជប៉ុន​ដែល​ទិញ​អគារ​នេះ គ្រោង​នឹង​សាងសង់​ទៅជា​អគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​ក្នុងពេល​ខាងមុខ​។​


​អគារ​ប៊ូ​ឌី​ញ ឬ​ហៅថា​អគារ ស នឹង​បាត់​រូបរាង​ពី​ទីក្រុង​ភ្នំពេញ​នា​អនាគត​ដ៏​ខ្លី​ខាងមុខ​។ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី អះអាងថា អគារ​ដ៏​ចំណាស់​នេះ គ្រោង​នឹងត្រូវ​វាយកម្ទេច​ចោល​នៅ​ខែក្រោយ​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​អភិវឌ្ឍ​ថ្មី​ឡើងវិញ​។ តើ​អគារ​ចំណាស់​នេះ​មាន​ប្រវត្តិ​យ៉ាងណា​?


​យោងតាម​ឯកសារ អាគារ​ស​នេះ​មានឈ្មោះ​ដើម​ថា​អាគារ​ស្នាក់នៅ​សាលាក្រុង​ត្រូវបាន​កសាង​នៅ​ចន្លោះ​ទសវត្ស​ទី​៥០ និង​៦០ ក្នុង​រជ្ជកាល សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ដែលជា​ប្រមុខរដ្ឋ​ក្នុងសម័យ​សង្គមរាស្ត្រនិយម រវាង​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០​។​


​គម្រោង​អាគារ​ស្នាក់នៅ​សាលាក្រុង ឬ​ក្រោយមក​ហៅថា អគារ​ប៊ូល​ឌី​ញ ស ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ លោក​លូ បាន​ហាប់ និង​ស្ថាបត្យករ​រុស្សី លោក​Vladimir Bodiansky និង​មើល​ការខុសត្រូវ​ដោយ​លោក​វណ្ណ ម៉ូលីវណ្ណ​។ អគារ​នេះ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៦៣ មាន​កម្ពស់​៤​ជាន់ និង​៤៦៨​បន្ទប់ ដែល​កសាងឡើង​សម្រាប់​ផ្តល់ជូន​ប្រជាជន​ដែលមាន​ចំណូល​ទាប​ទៅ​មធ្យម ខណៈ​សម័យ​កាលនោះ ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​យ៉ាងគំហុក​។​


​អគារ​ប៊ូ​ឌី​ញ ដែល​លាតសន្ធឹង​ស្របតាម​បណ្តោយ​ទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ទំហំ​សរុប​៦៥៣១,៦៧​ម៉ែត្រការ៉េ ដែល​បន្ទប់​នៅក្នុង​អាគារ​នេះ​មាន​ប្រវែង​ខ្នាត និង​ទំហំ​ដូចគ្នាៗ​ទាំងអស់ ដោយ​យូ​នី​ត​២​បន្ទប់ មាន​ទំហំ​៤​គុណ​៨​ម៉ែត្រ និង​យូ​នី​ត​៣​បន្ទប់ ទំហំ​៤​គុណ​១០​ម៉ែត្រ​។ ក្នុងនោះ​មាន ប្រជាពលរដ្ឋ​រស់នៅក្នុង​អគារ សរុប​ប្រមាណ​ជិត​៥០០​គ្រួសារ ស្មើនឹង​៤៩៣​យូ​នី​ត​។​


​អំឡុងពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ នៅក្នុង​ដំណើរការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ អគារ​ចាស់ៗ និង​ទ្រុឌទ្រោម​ក្នុង​ទីក្រុង​ជាច្រើន​ត្រូវបាន​កម្ទេចចោល ដោយ​យក​ទីតាំង​ជំនួស​វិញ​ដោយ​អគារ​ទំនើបៗ​។ ប៉ុន្តែ អគារ​ប៊ូ​ឌី​ញ គឺជា​អគារ​មួយ​ក្នុងចំណោម​អគារ​ចាស់ៗ​មួយចំនួន ដែល​នៅ​ប្រឹង​ឈរ ទោះបី​ទ្រង់ទ្រាយ និង​លក្ខណៈ​របស់​អាគារ​បាន​ផ្លាស់ប្ដូរ​ស្ទើរតែ​ទាំងស្រុង ដោយសារ​បាតុភូតធម្មជាតិ និង​ការ​បំលាស់​ទីលំនៅ​របស់​ពលរដ្ឋ​ក្នុងសម័យ​កាល​ដ៏​ជូរចត់​ដែល​កម្ពុជា​បាន​ឆ្លងកាត់​។​


​ការវិវត្តន៍​ចុងក្រោយ​របស់​អគារ​នេះ ហាក់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង និង​មាន​ស្នាម​ប្រេះ​នៅលើ​អាគារ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​ភាគច្រើន ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​ភ័យខ្លាច​ការបាក់​ស្រុត ឬ​រលំ​អាគារ​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​៕