Loading...

តើ​ការ​ទទួលទាន​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​ថ្លើម​មែន​ទេ?

Loading...
តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក បាន​ភ្ជាប់​ការ​ទទួលទាន​កាហ្វេ​ទៅ​នឹង​លទ្ធភាព​នៃ​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​ ហានិភ័យ​កើត​ជំងឺមហារីក​ថ្លើម ។

ការ​ពិសោធ​លើ​មនុស្ស​១៨​ម៉ឺន​នាក់​រយៈពេល​១៨​ឆ្នាំ​បាន​រក​ឃើញ​ថា អ្នក​ដែល​ផឹក​កាហ្វេ​ចន្លោះ​ពី​១​ពែង​ទៅ​៣​ពែង​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​ថ្លើម​បាន​២៩​ភាគរយ​ធៀប​ទៅ​នឹង​អ្នក​ ដែល​ផឹក​ត្រឹម​៦​ពែង​ឬ​តិច​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ ។ ចំណែក​អ្នក​ដែល​ផឹក​ជា​ប្រចាំ​ចាប់ពី​៤​ពែង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​គឺ​អាច​ កាត់​បន្ថយ​ហានិភ័យ​បាន​៤២​ភាគរយ ។
ទោះជា​យ៉ាងនេះ​ក្តី ការ​សិក្សា​នេះ​គឺ​គ្រាន់តែ​ភ្ជាប់​ពី​ទំនាក់ទំនង​ប៉ុណ្ណោះ ពោល​គឺ​ពុំ​មាន​បង្ហាញ​ជា​ភ័ស្តុតាង​ជាក់ស្តែង​នោះ​ឡើយ ។ វា​អាច​មាន​អភូតហេតុ​ណាមួយ​កើតឡើង​ចំពោះ​អ្នក​ផឹក​កាហ្វេ​ក្នុង​ពេល​ពិសោធ​ តាមដាន ហើយ​ដែល​អភូតហេតុ​នោះ​បាន​ជួយ​ឱ្យ​ពួក​គេ​ថយ​ចុះ​ហានិភ័យ​ពី​មហារីក​ថ្លើម ។
ដោយឡែក ការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​ សាកលវិទ្យាល័យ Harvard University​បាន​បង្ហាញ​ថា ផឹក​កាហ្វេ​ត្រឹម​១​ពែង​កន្លះ​រៀងរាល់ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន​១១​ភាគរយ ។
អ្នកដឹកនាំ​ការ​សិក្សា វេជ្ជបណ្ឌិត Dr Frank Hu បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ទម្លាប់​ទទួលទាន​កាហ្វេ​បាន​លេច​ចេញ​ជា​ប្រយោជន៍​ដល់​ការ​ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២ ។
យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា​ទាំងនេះ​នៅ​មិន​ទាន់​មានការ​ទទួលស្គាល់​ពី​សំណាក់​ អ្នកឯកទេស​មួយ​ចំនួន​នោះ​ទេ ដ្បិត​ជា​ទូទៅ​ការ​ផឹក​កាហ្វេ​ច្រើន​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ ​ជា​ពិសេស​គឺ​សុខភាព​បេះដូង ។ វេជ្ជបណ្ឌិត Richard Elliott មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ទឹកនោមផ្អែម​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា មាន​កត្តា​ផ្សេង​ៗ​ទៀត​ដែល​ការ​សិក្សា​នេះ​មិន​បាន​រាប់​បញ្ចូល និង​អាច​មានការ​ជាប់​ពាក់ព័ន្ធ​ផង​ដែរ ។ អ្វី​ដែល​យើង​ដឹង​ច្បាស់​គឺថា វិធី​ល្អ​បំផុត​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ គឺ​ត្រូវ​រក្សា​ទម្ងន់​ខ្លួន​ឱ្យ​បាន​ថេរ ទទួលទាន​របប​អាហារ​ទាំងឡាយ​ណា​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​ត្រូវ​ហាត់ប្រាណ​ជា​ប្រចាំ ៕