Loading...

ជួយ Share ផងដើម្បីអោយក្រុមគ្រួសារពួកគាត់បានឃើញផង! ពលករ​ខ្មែរ​ស្លាប់​៤​នាក់ និង​របួស​៣​នាក់ បានជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ

Loading...
ប្រទេស​ថៃ ៖​ យ៉ាងហោចណាស់​ក៏មាន​ពលករ​ខ្មែរ​ចំនួន​៤​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង​៧​នាក់ ខណៈ​ដែល​ពួកគេ​បាននាំគ្នា​ជិះ​រថយន្ត​តាក់​ស៊ី​ចូលទៅ​កាន់​ទីក្រុង​បាងកក ​ដើម្បី​រក​ការងារ​ធ្វើ ក៏បាន​ជួបនឹង​ឧបទ្ទវហេតុ​​នៅតាម​ដងផ្លូវ។​


តាម​សេចក្តីរាយការណ៍​ដែល​យើង​ទទួលបាន​ គឺ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ នៅ​វេលា​ម៉ោង១​និង២០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវ​ជាតិលេខ​៣៣១ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ១២១ និង១២២​ ស្ថិតនៅ​ត្រង់​ចំណុច​ណង​អ៊ី​ថូន ភូមិ​១៤ ឃុំ​កោះ​ខ្នុរ ស្រុក​ភ្នំ​សារៈ​ខាម ខេត្ត​ឆាក់​ឈើ​ង​សៅ​ ប្រទេស​ថៃ។


ក្រោយពី​កម្លាំង​តម្រួត ​​​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ បាន​​​សង្កេត​ឃើញថា​ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​​នីសា​ន់ណា​វ៉ា​រ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ៧២៦២ បាន​បើក​ទៅបុក​ពីក្រោយ​រថយន្ត​ធុន​ធ្ងន់​ម៉ាកហ៊ី​ណូ ប្រភេទ​យី​ឌុបសណ្តោង​រ៉ឺម៉ក​ ពាក់​ស្លាក​លេខ ៧០.០៩៨០ និង ៧០.៣១១៦ ដោយ​រថយន្ត​នីសា​ន់​ស្ថិត​ក្នុង​សភាព​ខ្ទេចខ្ទី ព្រមទាំង​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ផង​ដែរ ដោយ​នៅ​ពេលនោះ​មេឃ​ក៏​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង។


នៅពេលនោះ​ទាំង​ក្រុម​តម្រួត ក៏ដូចជា​ប្រជាពលរដ្ឋ បាននាំគ្នា​ប្រើប្រាស់​ឧបករណ៍​ ដើម្បី​គាស់​ទាញយក​សព​អ្នកបើកបរ ដែល​ត្រូវ​ក្បាល​រថយន្ត​កៀប​ជាប់​ទៅនឹង​ចង្កូត ចំណែក​អ្នកដំណើរ​នៅ​ខាងក្រោយ ដែលជា​ពលករ​ជនជាតិខ្មែរ​ចំនួន​៧​នាក់ ត្រូវស្លាប់​​នៅនឹងកន្លែង​ចំនួន​៤​នាក់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យដើម្បីជួយសង្គ្រោះ​ផងដែរ។​


លោក ជី​រ៉ា​ក់​វ៉ា​ត់ ភូ​ក្រង​ថង អាយុ​៣៩​ឆ្នាំ អ្នកបើកបរ​រថយន្ត​ធំបាន​រៀបរាប់ថា​ ខណៈដែល​ខ្លួន​កំពុងបើក​បរដល់​ត្រង់ចំណុច​កើតហេតុ គាប់​ជួន​មេឃ​ក៏​កំពុង​ធ្លាក់ភ្លៀងយ៉ាងខ្លាំង​ផង​នោះ ស្រាប់តែ​ឮ​សំឡេង​អ្វី​ម្យ៉ាង​មក​បុក​ពីក្រោយ ពេល​ខ្លួន​ចុះទៅ​មើល​ក៏​ស្រាប់តែ​ឃើញ​សភាព​បែបនេះ ខ្លួន​ក៏​ប្រញាប់​ទូរស័ព្ទ​ទៅប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ត្រួតពិនិត្យ។​


បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​កម្លាំង​ដើម្បី​ចុះ​ធ្វើការ​សាកសួរ​បន្ថែម​ ទៅលើ​អ្នក​ដែល​រងរបួស​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​សព​ក៏​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ ដើម្បី​ទាក់ទង​ទៅ​អគ្គ​កុងស៊ុល និង​បញ្ជូន​ទៅកាន់​ស្រុកកំណើត​នៅឯ​ប្រទេស​កម្ពុជា​វិញ ដោយ​បញ្ហា​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ អាច​បណ្តាល​មកពី​ការ​រអិល​ទឹកភ្លៀង ​ដោយសារតែ​ការបើកបរ​លឿន​ហួសកំណត់​ ឬក៏​អាច​បណ្តាលមកពី​អ្នកបើកបរ​ងងុយដេក​ផង​ក៏​មិនដឹង ៕